ថ្ងៃទី 24 មីនា 2012
ដោយ: ខឿន សាឃៀន
CEN
ភ្នំពេញ: ទ្រង់​សិរិមតៈ ត្រូវបាន​គេ​ស្គាល់​ច្បាស់​បំផុត​ដោយ​ការជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ កម្ពុជា ពិសេស​ដោយសារ​ការជាប់​ពាក់ព័ន្ធ​នឹង​ព្រឹ​តិ្ត​ការណ៍​រដ្ឋប្រហារ​១៨​មីនា ១៩៧០ ទម្លាក់​សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ​ខ្មែរ និង ជា​មនុស្ស​ទី​២​បន្ទាប់ពី​ លន់ នល់ នៅក្នុង​របប​សារ​ធារ​ណ​រដ្ឋ​ខ្មែរ​ ១៩៧០-១៩៧៥ ។​
ទ្រង់ សិរិមតៈ
ទ្រង់ សិរិមតៈ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ កើត​នៅ​ថ្ងៃទី​២២ មករា ១៩១៤ នាទី​ក្រុងភ្នំពេញ , មាតា​ព្រះនាម ទ្រឿ​ង យឿ​ម , បិតា ស៊ីសុវត្ថិ រត្ត​រិ , ជា​អ្នក​គោរព​ព្រះពុទ្ធសាសនា ។ ព្រះអង្គ បាន​រៀប​អា​ពា​ហ៍​ពា​ហ៍​ជាមួយ​ម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម កេ​ត​នារី ហើយ​មាន​បុត្រី​៣​អង្គ និង បុត្រា​៣​អង្គ ។
​សិរិមតៈ ជា​ស្រ​ឡាយ ស៊ីសុវត្ថិ ពោលគឺ​ត្រូវជា​ចៅទួត​របស់​ព្រះករុណា ស៊ី​សុ​វត្ថ នៃ ប្រទេស​កម្ពុជា ។ នៅ​ឆ្នាំ​១៩៣០ ព្រះអង្គ​បាន​ក្លាយជា​មន្ត្រីរាជការ នៃ រដ្ឋការ​អាណាព្យាបាល​បារាំង ។​
​ស្ថិតនៅក្រោម​ធម្មនុញ្ញ​ដែល​តាក់តែងឡើង​ដោយ​អាណានិគម​បារាំង បុគ្គល​ដែល​អាច​ជ្រើសរើស​ជា​ក្សត្រ​ខ្មែរ​បាន លុះណាតែ​ជា​បុគ្គល​ក្នុង​ស្រ​ឡាយ នរោត្តម ឬ ស៊ីសុវត្ថិ ។ ដោយហេតុនេះ សិរិមតៈ ក៏​ជា​សមាជិក​រាជវង្ស​មួយអង្គ​ដែលមាន​សិទ្ធិ​អាច​ឡើង​គ្រងរាជ្យ​ជា​ក្សត្រ​ ខ្មែរ​ដែរ ។​
​ទោះ​ព្រះ​អង្គជា​សមាជិក​រាជវង្ស​ក្តី ក៏​ព្រះអង្គ​មិន​ចូលរួម​ជាមួយ​គណៈបក្ស​សង្គមរាស្ត្រនិយម របស់​សម្តេច ស​ហី​នុ ទេ ។ ព្រះអង្គ​ទៅ​ចូលរួម​ជាមួយ គណៈបក្ស​កំណែទម្រង់​ខ្មែរ ( Khmer Renovation ) ជា​គណៈបក្ស​ស្តាំនិយម ដឹកនាំ​ដោយ​លន់ នល់ ដែលជា​គណៈបក្ស​ប្រជែង​នឹង​គណៈបក្ស​សង្គមរាស្ត្រនិយម ទៅវិញ ។ សិរិមតៈ បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​សភាជាតិ នា​ឆ្នាំ​១៩៤៧ ប៉ុន្តែ​កាលនោះ គណៈបក្ស​នេះ​មិន​ទទួលបាន​អាសនៈ​ឡើយ ។
​ពេលដែល​សម្តេច​សីហនុ គង់​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ បានតែងតាំង​ព្រះអង្គម្ចាស់ សិរិមតៈ ឱ្យទទួល​បន្ទុក​ផ្នែក​ការពារជាតិ​នៅ​ឆ្នាំ​១៩៥២ ហើយ​បានតែងតាំង ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បន្ទាប់ពី​ទទួលបាន​ឯករាជ្យ​ពី​បារាំង​នៅ​ ឆ្នាំ​១៩៥៤ ។ ដោយសារ​សម្តេច សីហនុ និង នល់ នល់ ត្រូវ​រូ​វ​គ្នា​ខ្លាំង​ឡើងៗ ទើប​គណៈបក្ស​សង្គមរាស្ត្រនិយម របស់​សម្តេច​សីហនុ បាន​ស្រូបយក​គណៈបក្ស​កំណែទម្រង់​ខ្មែរ មុនពេល​បោះឆ្នោត​ដ៏​ជោគជ័យ​នា​ឆ្នាំ​១៩៥៥ ។ សិរិមតៈ នៅតែ​ជា​អ្នកប្រឆាំង​យ៉ាង​មានះ​ដដែល ជាពិសេស​ក្នុង​ការដែល​សម្តេច​សីហនុ អនុគ្រោះ​ដល់​សកម្មភាព​របស់​វៀ​ត​ណា​ម​ខាងជើង​នៅតាម​បណ្តោយ​ព្រំដែន​ខ្មែរ​ ភាគ​ខាងកើត ។
​ពេញ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៦០ សម្តេច សីហនុ បាន​កាត់បន្ថយ​ឥទ្ធិពល​របស់​សិរិមតៈ ដោយ​ការតែងតាំង​ព្រះ​អង្គជា​អគ្គរាជទូត​នៅ​ប្រទេស​ចិន , ប្រទេស​ហ្វ៊ី​លី​ពី​ន និង ប្រទេស​ជប៉ុន ។​
​ ​ក្រោយ​រដ្ឋប្រហារ​១៩៧០ សុខភាព​របស់​លន់ នល់ ចាប់ផ្តើម​មាន​បញ្ហា​បន្ទាប់ពី​គាត់​មាន​ជំងឺ​ដាច់​សរសៃឈាម​ស្លាប់​មួយ​ ចំហៀង​ខ្លួន​នៅ​ខែកុម្ភៈ​ឆ្នាំ​១៩៧១ រហូត​ត្រូវ​ទៅ​ព្យាបាល​នៅ​ទីក្រុង​ហូ​ណូ​លូ​លូ រដ្ឋ​ហា​វ៉ែ សហរដ្ឋអាមេរិក ។ គេ​មិនមាន​ស​ង្ឃឹ​ង​ថា គាត់​នឹង​អាច​ត្រឡប់មក​កាន់អំណាច​វិញ​ឡើយ ។ ការ​ប្រជែង​គ្នា​រវាង​ក្រុមមនុស្ស​របស់ លន់ ណុន និង ព្រះអង្គម្ចាស់ សិរិមតៈ បាន​កញ្ជ្រោល​ឡើង​ក្នុងការ​ស្នង​តំណែង​របស់លោក លន់ នល់ ពេលនោះ សិរិមតៈ មាន​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី ។
​ ​វេលា​រសៀល​ថ្ងៃទី​ទី​១៧ ខែមីនា ១៩៧៣ យន្ត​ប្រដេញ​ទម្លាក់​គ្រាប់បែក T 28 បើកបរ​ដោយ​អនុសេនីយ៍ឯក សូ ផូ​ត្រា កូនប្រសារ​របស់​ម្តេច​សីហនុ បាន​ទម្លាក់​គ្រាប់បែក​២​គ្រាប់​ទៅលើ​និវេសនដ្ឋាន​ប្រធានាធិបតី​សាធារណរដ្ឋ សម្លាប់​មនុស្ស​១០០​នាក់ ប៉ុន្តែ​លន់ នល់ ពុំមាន​គ្រោះថ្នាក់ និង មិនមាន​របួស​ឡើយ ។​
​រដ្ឋាភិបាល​ហង្ស ធុន​ហាក់ ដែល​លន់ ណុន ជា​មនុស្ស​មាន​ឋានៈ​ដូចជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នោះ បានដាក់​ព្រះអង្គម្ចាស់ សិរិមតៈ និង សមាជិក​រាជវង្ស​មួយចំនួន​ឱ្យនៅតែ​ក្នុង​និវេសនដ្ឋាន ដោយមាន​ការឃ្លាំមើល ។​
​គេ​ជឿថា ព្រះអង្គម្ចាស់​សិរិមតៈ បានស្នើ​សុំ​ឥ​ស្សជន​អាមេរិកាំង​ធ្វើ​អន្តរាគមន៍​កំចាត់ លន់ ណុន ទើប​២-៣ ថ្ងៃក្រោយ លន់ ណុន ត្រូវ​លាលែង​ពី​តំណែង​ជា​រដ្ឋមន្ត្រី​អម​ក្រសួងមហាផ្ទៃ ហើយ​ថ្ងៃទី​១៧​មេសា ឆ្នាំ​១៩៧៣ ហង្ស ធុន​ហាក់ ក៏​សុំលាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៀត ទើប​សិរិមតៈ និង សមាជិក​រាជវង្ស​ទាំងឡាយ​ត្រូវបាន​ដោះលែង​ឱ្យមាន​សិរី​ភាព​ឡើងវិញ ។
​ ​អាស្រ័យ​មាត្រា​ទី​៣៩ នៃ ច្បាប់រដ្ឋធម្មនុញ្ញ ទើប​ថ្ងៃទី​២៤ មេសា ១៩៧៣ សេនាប្រមុខ​លន់ នល់ ផ្អាក​សភាជាតិ និង តែងតាំង​ក្រុមប្រឹក្សា​នយោបាយ​ជាន់ខ្ពស់​ដោយមាន​រូបគាត់ , សិរិមតៈ , ចេង ហេង និង អ៊ិន តាំង ។​
​អម្លុងពេល​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​ជាច្រើនលើក​នៃ​សាធារណរដ្ឋ​ខ្មែរ ពី​ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៥ នោះ​គឺ​រួមមាន​គណៈរដ្ឋមន្ត្រី​រប​ស់​ព្រះអង្គម្ចាស់ សិរិមតៈ , លោក ហង្ស ធុន​ហាក់ , លោក អ៊ិន តាំ (២​លើក​) , របស់លោក សឺ​ង ង៉ុ​កថា​ន់ , ឡុង បូ​រ៉េត ( ៣​លើក ) ។
​ ​នៅពេលដែល​សង្គ្រាម​កាន់​តែ​ស៊ីសាច់ហុតឈាម​ហៀ​ប និង​ដល់ទី​បញ្ចប់ ព្រះអង្គម្ចាស់ សិរិមតៈ បាន​បញ្ជាក់ថា ប្រសិនបើ​រាស្ត្រ​ខ្មែរ​ត្រូវការ​សម្តេច សីហនុ ឬ ថា​ប្រសិនបើ​វត្តមាន​របស់​ព្រះអង្គ​ក្នុង​អំណាច អាច​នាំ​សន្តិភាព​មកឱ្យ​ខ្មែរ​នោះ ព្រះអង្គ​(​សិរិមតៈ​) នឹង​សុខចិត្ត​ព្រម ។ សម្តេច​សីហនុ មិន​ទទួលព្រម​ធ្វើការ​សម្រុះសម្រួល​ឡើយ ហើយ​ហៅ​ព្រះអង្គម្ចាស់ សិរិមតៈ ថា​ជា​ជន​ប្រតិកិរិយា​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​ថា​នឹង​ត្រូវតែ​ព្យួរ​ក​គាត់ ពោលគឺ​នឹងមិន​មានការ​ផ្សះផ្សារ​ឡើយ ។​
​ ​ពួក​កុ​ម្មុយ​និ​ស្ត​ខ្មែរក្រហម បាន​បើក​ការវាយលុក​នៅ​រដូវប្រាំង​ដើម្បី​ណ្តើ​ម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ ដែល​ត្រូវបាន​ឡោមព័ទ្ធ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៧៥ ។ ថ្ងៃទី​១ មេសា ១៩៧៥ ប្រធានាធិបតី​សាធារណៈរដ្ឋ​ខ្មែរ លន់ នល់ បាន​លាលែង​ពី​តំណែង​ហើយ​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី និង បន្ទាប់មក​បាន​ទៅ​សហរដ្ឋអាមេរិក ។​
​ ​ថ្ងៃទី​១២ មេសា ១៩៧៥ អាមេរិក បានផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​របប​ សាធារណៈរដ្ឋ​ខ្មែរ ប៉ុន្តែ​សិរិមតៈ ឡុង បូ​រ៉េត និង មនុស្ស​មួយចំនួនទៀត​នៃ​គណៈរដ្ឋមន្ត្រី​របស់​លន់ នល់ បាន​បដិសេធ​មិន​ទទួលយក​សិទ្ធិ​នេះ បើទោះជា​ឈ្មោះ​របស់​ឡុង បូ​រ៉េត និង សិរិមតៈ​ត្រូវបាន​ខ្មែរក្រហម​ផ្សព្វផ្សាយ​នៅក្នុង​បញ្ជី​មនុស្ស​ក្បត់​៧​ នាក់ ដែល​នឹងត្រូវ​កាត់ទោស​ក៏ដោយ ហើយ​ថា​ព្រះអង្គ​នឹង​នៅ​ប្រយុទ្ធ​ដើម្បី​ប្រទេស​ជាទី​ស្រលាញ់​របស់​ព្រះអង្គ បើ​នឹង​ស្លាប់​ក៏​សុខចិត្ត​នៅលើ​ទឹកដី​របស់ខ្លួន ។
​ ​ថ្ងៃ​១៧ មេសា ១៩៧៥ ខ្មែរក្រហម​បាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ សិរិមតៈ បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន នៅ​សណ្ឋាគារ Hotel Le Phnom ជាទី​ដែល​កាកបាទក្រហម​អន្តរជាតិ​កំពុង​មានបំណង​បង្កើត​នូវ​តំបន់​សុវត្ថិភាព ។ ប៉ុន្តែ​ត្រូវបាន​បដិសេធ​នៅពេល​កាកបាទក្រហម ដឹងថា ឈ្មោះ​របស់​ព្រះអង្គ​ត្រូវបាន​ខ្មែរក្រហម​ដាក់​នៅក្នុង​បញ្ជី​ជន​ក្បត់​ទាំង ​៧​នាក់ ។ នៅក្រៅ​សណ្ឋាគារ​នេះ សិរិមតៈ បាន​និយាយ​ទៅកាន់​ពួក​អ្នកកាសែត និង បាន​ចែក​លិខិត​របស់​ព្រះអង្គ​ដែល​បាន​សរសេរ​ទៅ​សមាជិក​ព្រឹទ្ធសភា ឌា​ន របស់​អាមេរិក ដែល​ក្នុងនោះ​មាន​ប្រយោគ​ចុងក្រោយ​សរសេរថា ព្រះ​ង្គ​មាន​កំហុស​ដោយសារ​ជឿ​លើ​អាមេរិកាំង ហើយ​អាមេរិកាំង​បោះបង់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រលាញ់​សេរីភាព ។​
​ សិរិមតៈ បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ស្ថានទូត​បារាំង ប៉ុន្តែ ខ្មែរក្រហម​បាន​គម្រាមថា​នឹង​ទន្ទ្រាន​ចូល​បរិវេណ​ស្ថានទូត​នោះ និង ចាប់ខ្លួន​មនុស្ស​ណា​ដែល​គេ​ត្រូវការ ប្រសិនបើ​ពួកគេ​មិន​ព្រម​ចេញមក​ដោយ​ស្ម័គ្រចិត្ត​ទេនោះ ។​
អមដំណើរ​ដោយ​មន្ត្រី​ទូត​លោក ជឺ​ន ឌី​រ៉ា​ក និង អ្នកកាសែត​ឈ្មោះ Jon Swain លោក Bizot បានទទួល​បន្ទុក​ក្នុងការ​ជូនដំណឹង​សិរិមតៈ​ហើយ ព្រះអង្គ ត្រូវបាន​ប្រគល់ឱ្យ​ខ្មែរក្រហម ។ សិរិមតៈ និង មន្ត្រី​មួយចំនួន​ដែល​នៅ​ជាមួយ​ព្រះអង្គ ទំនងជា​ត្រូវបាន​សម្លាប់​នៅ​ថ្ងៃទី​២១ ខែមេសា ១៩៧៥ ។​
​ព័ត៌មាន​នៃ​ការស្លាប់​របស់​ព្រះអង្គ មិនទាន់មាន​ភាពច្បាស់​លាស់ ប៉ុន្តែ​សម្តេច​សីហនុ បានទទួល​ការថ្វាយ​ដំណឹង​ថា សិរិមតៈ និង ឡុង បូ​រ៉េត ត្រូវបាន​សម្លាប់​តាមរបៀប​ប្រហាក់ប្រហែលគ្នា​ដោយ​ការបាញ់​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ ១៩៧៥ ។ របាយការណ៍​ផ្សេងទៀត​បាន​និយាយថា ព្រះអង្គ​ត្រូវបាន​សម្លាប់​ដោយ​ការ​កាត់​សិរសា ។ ទោះយ៉ាងណា ហេន​រី ឃី​ស្ស៊ី​ង​ហ្គ័​រ រដ្ឋមន្ត្រីការបរទេស​អាមេរិក​សម័យ​សង្គ្រាម​បាន​កត់ចំណាំ​នៅក្នុង​របាយការណ៍ ​មួយ​ថា ព្រះអង្គ​ត្រូវបាន​គេ​បាញ់​នៅត្រង់​ពោះ ហើយ ទុកចោល​ដោយ​ពុំមាន​ការព្យាបាល​រហូត​៣​ថ្ងៃក្រោយ​ទើបបាន​បាត់បង់​ជីវិត ៕

បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ

(ពីឆ្វេងទៅស្តាំ)សិរិមតៈ លន់នល់ អ៊ិនតាំ)
(ពីឆ្វេងទៅស្តាំ)សិរិមតៈ លន់នល់ អ៊ិនតាំ)
ថ្ងៃទី 15 មីនា 2012
ដោយ: ខឿន សាឃៀន
CEN
ភ្នំពេញ: ​ខណៈ​ប្រទេសជាតិ​កំពុងស្ថិត​ក្នុង​សភាព​ច្របូកច្របល់ សម្តេច នរោត្តម សីហនុ ជា​ព្រះប្រមុខរដ្ឋ បាន​យាង​ទៅ​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​បារាំង ។ ពេលនោះ​ប្រជាជន​កម្ពុជា​នៅ​ភាគ​ខាងកើត​ជាពិសេស​នៅ​តំបន់​ខ្លះ​នៃ​ ខេត្តស្វាយរៀង កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​កងទ័ព​វៀតណាម​ខាងជើង វៀត​កុង និង វៀតណាម​ខាងត្បូង ព្រះអង្គ​ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើ​រដ្ឋប្រហារ​ទំលាក់​ពី​តំណែង ។ ប៉ុន្តែ មូលហេតុ​នាំឱ្យ​មានការ​បោះឆ្នោត​ដកហូត​តំណែង​នេះ នៅតែ​ជា​ប្រធានបទ​មិនទាន់​ចុះសម្រុង​គ្នា​នៅឡើយ ។​
​ ​សង្គ្រាមលោកលើកទី​២​បាន​ចប់​ជា​ផ្លូវការ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ ទម្លាប់​គ្រាប់បែកបរមាណូ ទៅលើ​ប្រទេស​ជប៉ុន​នា​ខែសីហា ឆ្នាំ​១៩៤៥ ។ ប៉ុន្តែ​វា​ជាការ​ចាប់កំណើត​នៃ​សង្គ្រាមត្រជាក់​ដែល​កើតមាន​ស្ទើរ​គ្រប់​ ជ្រុង​នៃ​ពិភពលោក ដោយសារ​ការដណ្តើម និង ការ​ប្រជែង​ឥទ្ធិពល​របស់​ពួក​ប្រទេស​មហាអំណាច​ទាំងពីរ​ប្លុក​គឺ​ពួកលោក​សេរី ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង ប្លុក​កុ​ម្មុយ​និ​ស្ត​ដែលមាន​សូ​វៀត និង ចិន ជា​ប្រមុខ ។

​ ​នៅ​ឥណ្ឌូចិន គឺ​វៀតណាម , ឡាវ និង កម្ពុជា ក៏​ស្ថិតក្នុង​ស្ថានភាព​នៃ​ការ​ប្រជែង​គ្នា​របស់​ពួក​មហាអំណាច​ពិភពលោក​ ទាំងពីរ​ប្លុក​នេះដែរ ។​
​ ​សម្តេច​នរោត្តម​សីហនុ ក្នុងឋានៈ​ជា​ព្រះមហាក្សត្រ និង​ក្រោយ​មកជា​ព្រះប្រមុខរដ្ឋ នៃ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា ព្រះអង្គ​មិន​ចង់ឱ្យ​ប្រទេស​ខ្មែរ​រង​ផលប៉ះពាល់​នៃ​សង្គ្រាម​នៅ​ឥណ្ឌូចិន​ នេះ ទើប​ព្រះអង្គ​មិន​ព្រម​អនុញ្ញាតឱ្យ​ប្រទេស​របស់​ព្រះអង្គ​ទៅ​ពាក់ព័ន្ធ​នឹង​ សង្គ្រាម​នេះឡើយ​ហើយ​ព្រះអង្គ​ក៏បាន​ប្រកាស​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​ អព្យាក្រឹត ពោលគឺ​មិន​ចូល​ទៅខាង​ប្លុក​សេរី ឬ ក៏​ខាង​ប្លុក​កុ​ម្មុយ​និ​ស្ត​ឡើយ ។

​ ​ប៉ុន្តែ​ដោយសារតែ​ភាពមិនស្មោះត្រង់​ចំពោះ​អព្យាក្រឹតភាព​នេះ​ទើបបាន​នាំ​ ប្រទេស​កម្ពុជា​ឱ្យចូល​ក្នុង​ភ្លើងសង្គ្រាម​និង​មហា​វិនាស ។ ប្រទេស​ទាំងឡាយ​ដែល​លំអៀង​ទៅខាង​លោក​សេរី ជាពិសេស​ប្រទេសជិតខាង​កម្ពុជា​គឺ​ថៃ និង វៀតណាម​ខាងត្បូង ចង់ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ស៊ី​អា​តូ ។ ដោយហេតុនេះ​ប្រទេសជិតខាង​ទាំងពីរ​នេះ​បាន​បង្ក​អមិត្ត​ជាមួយ​កម្ពុជា ជា​ញឹកញាប់​ដោយ​គ្រប់​រូបភាព និង ការ​ញុះញង់​ផ្សេងៗ​ដូចជា​ការបិទផ្លូវ​ច្រក​សមុទ្ទ​របស់​ពួកគេ​ដើម្បី​បិទ​ ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​ខ្មែរ និង ការចែក​គ្នាយ​កកោះ​ខ្មែរ​មួយចំនួន ។

​ទោះយ៉ាងណា ព្រះអង្គ​នៅតែ​ទំនាក់ទំនង​ការទូត​និង​ទទួល​ជំនួយ បច្ចេកទេសផ្នែក​កសិក​ម្ម និង ផ្នែក​យោធា​ខ្លះៗ​ពី​អាមេរិកាំង ហើយ​ព្រះអង្គ​ក៏​នៅមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​ប៉េកាំង គឺ​ចិន​កុ​ម្មុយ​និ​ស្ត​ផងដែរ ។​
​ ​មិនមាន​កំហុស​អ្វី​ទេ​ទៅនឹង អព្យាក្រឹតភាព ព្រោះថា ប្រទេស​អព្យាក្រឹត​មួយ​ក៏ត្រូវ​ការទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​ក្នុង​លោក​ ដែរ ប៉ុន្តែ​គ្រាន់តែ​មិនត្រូវ​ជួយ​ជ្រោមជ្រែង ឬ បម្រើ​មនោគមវិជ្ជា​ឬ​ផលប្រយោជន៍​របស់​ប្លុក​ណាមួយ​ប៉ុណ្ណោះ ។
​ ​ព្រះអង្គ​ធ្លាប់បាន​ឆ្លើយ​នឹង​ពួក​អ្នកសារព័ត៌មាន​លោកខាងលិច​ថា “ អព្យាក្រឹត​” របស់​ព្រះអង្គ​មិនមែន​មានន័យថា មិនឱ្យ​ក្រុម​មួយ​ដណ្តើម​អំណាច​ពី​ក្រុម​មួយទៀត​ក្នុងប្រទេស​របស់​ពួកគេ​ឡើយ ​” ។​
​មិនយូរប៉ុន្មាន ពួក​អ្នកសារព័ត៌មាន​លោកខាងលិច​មួយចំនួន​បានចាប់ផ្តើម​ធ្វើ​សេចក្តីរាយការណ៍​ ថា ទំនាក់ទំនង​របស់​ព្រះអង្គ និង ការទទួល​ជំនួយ​ពី​ចិន នឹង​នាំឱ្យ​ព្រះអង្គ​ចូល​ដៃ​ជាមួយ​កុ​ម្មុយ​និ​ស្ត​នៅ​ថ្ងៃ​ណាមួយ ។
​ព្រះអង្គ​តែងតែ​បកស្រាយ​ថា ទំនាក់ទំនង​របស់​ព្រះអង្គ​ជាមួយ​ចិន មិន​ខុសពី​ជាមួយ​អាមេរិកាំង​ឡើយ គឺ​ព្រះអង្គ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​៥​ខ ឬ បញ្ច​
​សីលា ដើម្បី​រួមរស់​ដោយ​សុខសន្តិភាព​ជាមួយគ្នា​ក្នុង​លោក ។​
​ ​ទោះយ៉ាងណា ពួក​អ្នកប្រវត្តិសាស្ត្រ​បានកត់សំគាល់​ឃើញថា ព្រះអង្គ​មិនសូវ​សព្វព្រះទ័យ​នឹង​ទង្វើ​របស់​អាមេរិកាំង និង ពួក​អ្ន​សារព័ត៌មាន​លោកខាងលិច​ឡើយ ដែល​ពួកនេះ​ហាក់​មិនសូវ​ផ្តល់​តម្លៃ ឬ កិត្តិយស​ដល់​ព្រះអង្គ ហើយ​ពួកគេ​ហាក់​បញ្ចេញ​សញ្ញា​ថា ព្រះ​អង្គជា​សភាវ​ទើស​ទាស់​របស់​ពួកគេ​ទៀតផង ។​
​ចិន តែងតែ​ផ្តល់​កិត្តិយស និង ការស្វាគមន៍​ចំពោះ​ព្រះអង្គ​ប្រកបដោយ​ភាព​គគ្រឹកគគ្រេង​ក្រៃលែង ។
​ពួក​អ្នកប្រវត្តិសាស្ត្រ​ទាំងឡាយ​បាន​កត់សម្គាល់ថា នេះ​ក៏​ជា​ចំណែក​មួយ​ដែលនាំឱ្យ​សម្តេច​ប្រមុខរដ្ឋ​ខ្មែរ​មិនសូវ​សព្វព្រះទ័យ ​នឹង​ពួក​អាមេរិកាំង ហើយ​ព្រះអង្គ​តែងតែ​សព្វព្រះទ័យ​យ៉ាង​ងប់​ង​ល់​ជាមួយ​ចិន​កុ​ម្មុយ​និ​ស្ត ។
​ក្រោយមក ព្រះអង្គ​យល់ថា ជំនួយ​របស់​អាមេរិកាំង​ចំពោះ​កម្ពុជា​នឹង​នាំឱ្យ​កម្ពុជា​បែកបាក់​គ្នា និង ជំពាក់​បំណុល​បរទេស ។ ព្រះអង្គ​តែង​ហៅ​ជំនួយ​ទាំងនោះ​ថា “​ជំនួយ​មាន​ចំណង​” ។ ផ្ទុយ​ពី​ចិន​ដែល​តែងតែ​ផ្តល់ជំនួយ​មក​កម្ពុជា​ដោយ​ឥត​ចំណង និង​គាំទ្រ​នូវ​អព្យាក្រឹតភាព​នៃ​កម្ពុជា​យ៉ាង​ឥត​សំចៃ​ទោះជា​ពេលខ្លះ​ ត្រូវបាន​គេ​មើលឃើញថា​គ្រាន់តែ​ជាការ​ច្រៀង​របស់​ចិន​ក៏ដោយ ។

​ ​សៀវភៅ “ វិបត្តិ​កម្ពុជា និង ទំនាក់ទំនង​ជាមួយ​បរទេស​” បានផ្តល់​ទស្សនទាន​ថា ព្រះអង្គ​មិនមាន​ទំនុកចិត្ត​លើ​ពួក​អាមេរិកាំង​ឡើយ ដែល​ពួកនេះ​ចូលចិត្ត​ធ្វើ​រដ្ឋប្រហារ​ទម្លាប់​ប្រមុខរដ្ឋ​ណាមួយ​ដែល​ គ្រាន់តែ​ពួកគេ​មិនសូវ​ចូលចិត្ត ដូចជា​ករណី ស៊ូ​កា​ណូ នៃ ប្រទេស​ឥណ្ឌូនេស៊ី និង ង៉ូ ឌិន យៀម នៃ វៀតណាម​ខាងត្បូង​ជាដើម ហើយ​លើក​បន្តុប​បុគ្គល​ណា​ម្នាក់​ផ្សេងទៀត​ដែល​ពួកគេ​ងាយ​ញាក់​ជាង ដែល បើ​ប្រៀបធៀប​មក​កម្ពុជា​វិញ គឺ​ដូចជា​ព្រះអង្គ និង ពួក​ស្តាំ​ង​និយម ដែល​ពួកនេះ​កំពុង​ញ៉ាម និង ជក់ចិត្ត​ចំពោះ​អាមេរិកាំង​ស្រាប់ ។

​ ​កងទ័ព​វៀតណាម​ខាងត្បូង និង កងទ័ព​អាមេរិកាំង បានធ្វើការ​វាយលុក​ជា​ញឹកញាប់​ដោយ​ទ័ព​ថ្មើ​ជើង និង ជើង​អាកាស​មកលើ​ភូមិ​ខ្មែរ​ភាគ​ខាងកើត​ដូចជា​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ជាដើម ហើយ​បានសម្លាប់​ជីវិត និង ធ្វើទុក្ខបុកម្នេញ​ប្រជារាស្ត្រ​ខ្មែរ ។ សម្តេច​សីហនុ បាន​ថ្កោលទោស​កងទ័ព​វៀតណាម​ខាងត្បូង និង ទ័ព​អាមេរិកាំង​ចំពោះ​ការបង្ក​ការឈឺចាប់ និង វិនាសកម្ម​មកលើ​ប្រជារាស្ត្រ​ខ្មែរ​ទាំងនោះ ។ វៀតណាម​ខាងត្បូង​បាន​ឆ្លើយ​បក​វិញ​ថា វា​ជា​លទ្ធផល​នៃ​ការតាមប្រមាញ់​របស់​ពួកគេ​ទៅលើ​កងទ័ព​វៀតណាម​ខាងជើង និង វៀត​កុង ព្រោះ​នៅពេល​ពួកគេ​ដេញតាម​កងទ័ព​វៀតណាម​ខាង​កុ​ម្មុយ​និ​ស្ត​ដែល​វាយឆ្មក់​ ពួកគេ​នោះ កងទ័ព ទាំងនោះ តែងតែ​បាត់​ខ្លួន​នៅក្នុង​ទឹកដី​ខ្មែរ ។
​អំឡុង​ពេលនោះ ព្រះអង្គ​មិនដែល​បន្ទោស​ថា មកពី​វៀតណាម​ខាងជើង និង វៀត​កុង ប្រើប្រាស់​ទឹកដី​ខ្មែរ ទើប​ខ្មែរ​ត្រូវ​រង​គ្រាប់បែក គ្រាប់ផ្លោង​អាមេរិកាំង និង វៀត​ខាងត្បូង​ឡើយ ( ក្រោយមក​ព្រះអង្គ​ទទួលស្គាល់​) ។ ទីបំផុត ទំនាក់ទំនង​ការទូត​របស់​ខ្មែរ​ជាមួយ​អាមេរិកាំង ត្រូវបាន​កាត់ផ្តាច់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​១៩៦៥ ។​
​ ​មុននឹង​ឈានដល់​ដំណាក់កាល​នេះ សម្តេច សីហនុ បាន​មាន​ទំនាក់ទំនង​ជាមួយ​ចិន និង វៀតណាម​ខាងជើង ស្និទ្ធ​ឡើងៗ រហូតដល់​មានការ​ចុះហត្ថលេខា​ពាណិជ្ជកម្ម ជាមួយ​វៀតណាម​ខាងជើង​ដែល​ព្រះអង្គ​បាន​ឡាយព្រះហស្ថលេខា​នៅ​ថ្ងៃទី​១៨ វិច្ឆិកា ១៩៥៨ ។ អ្នកខ្លះ​យល់ថា កិច្ចសន្យា​នេះឯង​ហើយ ដែល​បាន​អនុញ្ញាតឱ្យ​វៀតណាម​ខាងជើង​ឆ្លងកាត់​, លាក់ខ្លួន និង បោះទីតាំង​លើទឹក​ដី​ខ្មែរ ។ ព្រះអង្គ​បានអនុញ្ញាត​ឱ្យ​រណ​សិ​រ្យ​រំដោះ​វៀតណាម នៅលើ​ទឹកដី​ខ្មែរ​ក្នុងឋានៈ​ជា​អគ្គរដ្ឋទូត ហើយក៏​ត្រូវបាន​គេ​ដឹងថា ព្រះអង្គ​បាន​ជួយ​វៀតណាម​ខាងជើង​ដូចជា​ការផ្តល់​ស្បៀង និង ផ្តល់​សិទ្ធិ​ឱ្យ​ពួក​វៀត​កុង​ដឹកជញ្ជូន​គ្រឿង​យុ​ទ្ធូ​បក​រណ៍​ឆ្លងកាត់​ ទឹកដី​ខ្មែរ​មាន​ផែ​ព្រះសីហនុ​ជាដើម ដើម្បី​ផ្គត់ផ្គង់​វៀតណាម​ខាងជើង ។

​ ​ទោះជា​ត្រូវបាន​គេ​ដឹង​ជាទូទៅ​ថា មាន​វត្តមាន​កងទ័ព​វៀតណាម​ខាងជើង និង វៀត​កុង​ប្រមាណ​ជា​៦០.០០០​នាក់​ឆ្លងកាត់​ទឹកដី​ខ្មែរ​ចូលទៅ​សមរភូមិ និង ត្រឡប់​មកពី​សមរភូមិ ហើយ​បោះទីតាំង ហ្វឹកហាត់ មាន​បង្កើត​ផ្ទះ​ពេទ្យ ឃ្លាំង​ស្តុក​សម្ភា​រៈសិក និង ស្បៀង​ជាដើម ហើយ​មានពេលខ្លះ​មានការ​ប៉ះ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ខ្មែរ​ក្តី ក៏​ជា​បន្តបន្ទាប់​ព្រះអង្គ​តែងតែ​បដិសេធថា​ព្រះអង្គ​មិនបាន​អនុញ្ញាតឱ្យ​ ពួកនេះ​ប្រើ​ទឹកដី​ខ្មែរ​ធ្វើបែបនេះ​ដែរ ហើយ​ថាបើ​មាន​បែប​នោះ​មែន​គឺ​ពួកគេ​ចូល​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ការអនុញ្ញាត ។​
​ ​រដ្ឋបាល​វ៉ាស៊ីនតោន យល់ថា បើ​ពុំមាន​ការផ្គត់ផ្គង់​ពី​សំណាក់​សូ​វៀត និង ចិន ទេ វៀតណាម​កុ​ម្មុយ​និ​ស្ត​មិនអាច​ស៊ូ​បាន​១​ឆ្នាំ​ឡើយ ។ ការ​ទំនុកបម្រុង​របស់​សូ​វៀត និង ចិន ចំពោះ​កងទ័ព​វៀតណាម​ខាងជើង និង វៀត​កុង មានការ​ពិបាក​ខ្លាំង​ឡើងៗ​ក្នុងការ​ដឹកជញ្ជូន​ស​ម្ភា​រៈ​ដែល​ត្រូវ​ឆ្លងកាត់ ​ប្រទេស​ឡាវ តាមផ្លូវ​លំហូ ជី​មិញ ដោយសារ​ផ្លូវលំ​នេះ​រង​ការវាយប្រហារ​ពី​កងទ័ពអាកាស​អាមេរិកាំង ហេតុនេះ​ទើប​ជម្រើស​ដែល​ល្អ​បំផុត​មានតែ​១​គត់​គឺ​ដឹកជញ្ជូន​កាត់​ប្រទេស​ កម្ពុជា ត្បិត​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​ថា ជា​ប្រទេស​អព្យាក្រឹត ហេតុនេះ​អាមេរិកាំង និង វៀតណាម​ខាងត្បូង​មិន​ហ៊ាន​លុកលុយ​ចូល​វាយប្រហារ​ផ្តាច់ដង្ហើម​ពួកគេ​ឡើយ ។​
​ ​សៀវភៅ “ វិបត្តិ​កម្ពុជា និង ទំនាក់ទំនង​ជាមួយ​បរទេស “ បាន​អះអាងថា “ នៅ​ចន្លោះ​ខែវិច្ឆិកា ១៩៦៦ និង មករា ១៩៦៩ នាវា​៣៦​គ្រឿង​ដែល​ត្រូវ​ជាប់​សង្ស័យថា​ដឹក​គ្រឿង​សព្វាវុធ​បាន​រើបន្ទុក​នៅ ​ផែ​កំពង់សោម ។ មាន​១៤​ករណី​ដែល​បាន​ចងក្រង​ជា​ឯកសារ​ច្បាស់លាស់​អំពី​នាវា​សូ​វៀត​៣​គ្រឿង និង នាវា​ចិន​១១​គ្រឿង​ដែល​បាន​រើបន្ទុក​មាន​អាវុធ​ទំងន់​១៤.៣៦៧ តោន ។ វ៉ាស៊ីនតោន ប៉ាន់​ស្មានថា កងទ័ព​កម្ពុជា​ត្រូវការ​តែ​៤០០​តោន​ប៉ុណ្ណោះ ក្នុង​១​ឆ្នាំ ។ រថយន្ត​ដឹកជញ្ជូន​សម្ភារៈ​ពី​ផែ​កំពង់សោម ទៅកាន់​ឃ្លាំង​នៅ​ជិត​ភ្នំពេញ ឬ កំពង់ស្ពឺ ហើយ​បន្ត​ទៅដល់​មូលដ្ឋាន​សំខាន់​១១ តាម​តំបន់​ជាប់​ព្រំដែន​យួន​ខាងត្បូង ។ ក្រុមហ៊ុន​២​គឺ​ក្រុមហ៊ុន ហាក់​លី និង ម​ជ្ឈឹ​ម​បូព៌ា ជា​អ្នក​ដឹកជញ្ជូន ។ ​វរសេនីយ៍ឯក អ៊ុំ សាវុធ និង គ្រួសារ​ស្តេច​ដ៏​ខ្ពង់ខ្ពស់ ព្រមទាំង​សមាជិក​ជាច្រើន​ក្នុង​តំណែង​យោធា​សំខាន់ៗ បាន​ជាប់ទាក់ទង​ក្នុង​សកម្មភាព​នេះ ។ ការផ្តល់​ហិរញ្ញវត្ថុ ជា​ភារកិច្ច​របស់​ស្ថានទូត​ចិន​នៅ​ភ្នំពេញ ដែល​បង្វិល​ជា​ដុល្លារ​ហុងកុង ទៅ​ស្ថានទូត​យួន​ខាងជើង “​។
​ក្រៅពី​អាវុធ​ទាំងនេះ​ទៅ​ក៏​នៅមាន​បរិក្ខា​ពេទ្យ​ផងដែរ​សម្រាប់​ ឧបត្ថម្ភ​វៀតណាម​កុ​ម្មុយ​និ​ស្ត ហើយ​ពួកគេ​បាន​នាំ​ប្រាក់ចំណេញ​ពី​ការធ្វើសកម្មភាព​ទាំងនេះ​ថ្វាយ​អ្នក​ ម្នាង ម៉ូ​និក ។ កិច្ចការ​ទាំង​នេះឯង​ហើយ​ដែល​ក្រោយមក​ត្រូវបាន​ចោទប្រកាន់ថា​ជាការ​រត់ពន្ធ និង ឃប់ឃិត​ជាមួយ​វៀតណាម​កុ​ម្មុយ​និ​ស្ត ។​
​ ​ព្រះអង្គ​បាន​ជួយ​វៀតណាម​កុ​ម្មុយ​និ​ស្ត ប៉ុន្តែ​ពួកនេះ​បែរជា​គាំទ្រ និង ជួយ​ពួក​កុ​ម្មុយ​និ​ស្ត​ខ្មែរ គឺ​ពួក​ឧទ្ទាម​ខ្មែរក្រហម ដែលជា​សត្រូវ​របស់​ព្រះអង្គ ដូចជា​បង្ហាត់​យុទ្ធសាស្ត្រ​សង្គ្រាមឈ្លប​ជាដើម ឱ្យ​ពួកគេ​លប​វាយឆ្មក់​ព្រះអង្គ​ទៅវិញ ។ ប៉ុន្តែ​ពួកគេ ( វៀតណាម​កុ​ម្មុយ​និ​ស្ត ) តែងតែ​និយាយ​ពាក្យ​ល្អៗ​ឱ្យ​ព្រះអង្គ​សព្វព្រះទ័យ ។
​ព្រះអង្គ​ក៏​នៅបាន​ជួយ​ជ្រោមជ្រែង​វៀតណាម​ទាំងពីរ​ឱ្យ​រួបរួមគ្នា​ឡើងវិញ ប៉ុន្តែ​ព្រះអង្គ​ក៏ដូចជា​ប្រជារាស្ត្រ​ខ្មែរ​ដទៃទៀត​ដែរ​គឺ​ស្អប់​យួន មិន​ថា​យួន​ណា​ជា​យួន​ណា​ឡើយ ដែល​ពួកនេះ​ជាស​ត្រូវ​របស់​ខ្មែរ​តាំងពី​ដូនតា​រហូតមក ហើយ​តែងតែ​ចិញ្ចឹមចិត្ត​ចង់​លេប​ត្របាក់​ទឹកដី​ខ្មែរ​មិនដែល​បោះបង់​ម្តងណា​ សោះឡើយ ។​
​ព្រះអង្គ​ក៏បាន​ដឹងផង​ដែរ​ថា នៅពេល​យួន​មាន​សន្តិភាព​នោះ ពួកគេ​នឹង​ក្លាយ​ជាការ​គម្រាមកំហែង​ដល់​បូរណភាព​ទឹកដី​ខ្មែរ​ដដែល​ជា​ដដែល ។ ព្រះអង្គ​មានជំនឿថា ទៅ​ថ្ងៃ​អនាគត​អាមេរិកាំង នឹង ចាញ់​សង្គ្រាម​នេះ ហើយ​វៀតណាម​កុ​ម្មុយ​និ​ស្ត នឹង ជា​អ្នកគ្រប់គ្រង​ប្រទេស​វៀតណាម ។ ហេតុនេះ​អ្វីដែល​ព្រះអង្គ​ធ្វើ​នៅពេលនោះ គឺ​ធ្វើយ៉ាងណា​បង្ក​មិត្តភាព​ជាមួយ​អ្នក​ដែល​នឹង​ឈ្នះ​នៅ​យួន និង ដើម្បី​មាន​ទំនុកចិត្ត​លើ​គ្នា​នឹង​គ្នា ។
​បើ​និយាយ​ដល់​អនាគត​បូរណភាព​ទឹកដី​ខ្មែរ​នោះ យើង​មើលឃើញថា បើ​កុ​ម្មុយ​និ​ស្ត​ឈ្នះ​សង្គ្រាម ទឹកដី​ខ្មែរ​នឹងរង​ការ​គម្រាមកំហែង​ពី​យួន​កុ​ម្មុយ​និ​ស្ត បើ​អា​មេ​រកាំ​ង​ឈ្នះ​សង្គ្រាម​នេះ ទឹកដី​ខ្មែរ​នឹងរង​ការ​គម្រាមកំហែង​ពី​យួន​ខាងត្បូង និង សៀម ពោលគឺ​ទឹកដី​ខ្មែរ​នៅតែ​ជា​ប្រធានបទ​នៃ​ការ​លេប​ត្របាក់​នៃ​សត្រូវ​សួរ​ពូជ​ ទាំងនេះ​ដដែល​ជា​ដដែល ។ ដូច្នេះ កត្តា​ដែល​ប្រសើរ​បំផុត​នោះ គឺ​មានតែ​ឯកភាព​ជាតិ​ប៉ុណ្ណោះ ទើប​មានសង្ឃឹម​ច្រើនជាង ។ ប៉ុន្តែ​គេ​មិនសូវ​ឃើញ​ទង្វើ​របស់​អ្នកដឹកនាំ​ខ្មែរ ធ្វើការ​ដើម្បី​
​ឯកភាព​ជាតិ​ឡើយ គឺ​មានតែ​ដើម្បី​ប្រយោជន៍​បក្សពួក​ច្រើនជាង ។​
​ ​បន្ទាប់ពី​សមាជជាតិ​លើក​ទី​២៨ នា​ថ្ងៃទី​២៧​ខែធ្នូ ឆ្នាំ​១៩៦៩ ខុទ្ទកាល័យ​ព្រះប្រមុខរដ្ឋ​បានប្រកាស​ឱ្យដឹង​ជា​សាធារណៈ​ថា​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​១៩៧០ សម្តេចព្រះ​ប្រមុខរដ្ឋ​នឹង​យាង​ដំណើរ​ទៅ​ប្រទេស​បារាំង​ដើម្បី​ព្យាបាល​រោគ ។​
​ ​ថ្ងៃទី​៦​ខែមករា ឆ្នាំ​១៩៧០ សម្តេច​យាង​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ប៉ុន្តែ​ក្បូន​ដង្ហែរ​មិនបាន​ទៅ​វិមាន​រដ្ឋ​ចំការមន​ដែលជា​និវេសនដ្ឋាន​របស់ ​ព្រះប្រមុខរដ្ឋ​ឡើយ គឺ​ឆ្ពោះទៅ​ព្រះបរមរាជវាំង បន្ទាប់មក ក្បួន​ដង្ហែរ​បាន​បើក​ឆ្ពោះទៅ​អាកាសយានដ្ឋាន​ពោធិចិនតុង​តែម្តង ។​
​ ​ថ្ងៃទី​៨​ខែមីនា ឆ្នាំ​១៩៧០ ប្រជាជន​នៅ​ទី​រួម​ខេត្ត និង នៅតាម​ភូមិ​នានា​ក្នុងស្រុក​ចន្ទ្រា , កំពង់​រោទ៍ , រំដួល និង រមាសហែក នៃ​ខេត្តស្វាយរៀង បានធ្វើ​បាតុកម្ម​ស្របពេល​គ្នា​ប្រឆាំងនឹង​វត្តមាន​របស់​កងទ័ព​វៀតណាម​ ខាងជើង និង វៀត​កុង នៅលើ​ទឹកដី​ខ្មែរ ។
​ ​គេហទំព័រ Wikipedia បាន​អះអាងថា “ ព្រះអង្គម្ចាស់ សិរិមតៈ ធ្លាប់បាន​ទៅ​ប្រទេស​វៀតណាម​ជាសំងាត់​ដើម្បី​ពិនិត្យ​មើលថា​ត្រូវធ្វើ​ យ៉ាងណា​ដើម្បី​ដក​កងទ័ព​វៀតណាម​ចេញពី​ទឹកដី​កម្ពុជា ។ ព្រះអង្គ​ក្រេវក្រោធ​យ៉ាងខ្លាំង នៅពេល​គេ​បង្ហាញ​ឯកសារ​ពាណិជ្ជកម្ម​ដែល​ឡាយព្រះហស្ថលេខា​ដោយ​សម្តេច សីហនុ ជា​លេស​ឱ្យ​វៀតណាម​កុ​ម្មុយ​និ​ស្ត​ដាក់​មូលដ្ឋានទ័ព​នៅលើ​ទឹក​ដី​កម្ពុជា និង ការដឹកជញ្ជូន​សម្ភារៈ​សឹក​របស់​វៀតណាម​តាម​កំពង់ផែ​កម្ពុជា “ ។​
​ ​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយ​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​
​ភ្នំពេញ ដើម្បី​ប្រឆាំងនឹង​វត្តមាន​កងទ័ព​វៀតណាម​ខាងជើង​និង​វៀត​កុង​នៅលើ​ទឹកដី​ ខ្មែរ ដូចដែល​គេ​បានធ្វើ​នៅ​ស្វាយរៀង​ដែរ ។ បាតុកម្ម​ដោយមាន​សិស្ស​និស្សិត​និង​សមាជិក​គ្រឹះស្ថាន​នានា​រាប់ពាន់នាក់​ បាន​ហែ​ឆ្ពោះទៅ​រដ្ឋសភា ។ បដា​ជាច្រើន​ជា​ភាសា​ខ្មែរ​, បារាំង និង អង់គ្លេស ដែលជា​អាទិ៍​និយាយថា “ បរាជ័យ​វៀត​កុង​-​វៀតណាម​ខាងជើង “ “ វៀត​កុង​ត្រឡប់​ទៅ​ប្រទេស​ឯង​វិញ​ទៅ “ កម្ពុជា​ពុំមែន​ជា​ទឹកដី​របស់​វៀត​មិញ​ទេ “ ជាដើម ។​
​ ​ថ្ងៃនោះ​រដ្ឋសភា​កំពុង​ពិភាក្សា​តទល់​គ្នា​ស្តីពី​ករណី​ពុករលួយ​របស់​ វរសេនីយ៍​ឯក អ៊ុំ ម៉ា​ណូ​រិន្ទ (​បងថ្លៃ​ព្រះប្រមុខរដ្ឋ​) រដ្ឋលេខាធិការ​ក្រសួង​ការពារ​លើ​ផ្ទៃ​ប្រទេស , វរសេនីយ៍ឯក សូ ស្តែ​ន​ហ្វែ​រណង់​ដេ​ស (​ខ្មែរ​ដើមកំណើត​អេ​ស្ប៉ា​ញ​) រដ្ឋលេខាធិការ​ក្រសួង​សន្តិសុខ​ជាតិ និង លោក កែវ សាន អនុប្រធាន​សភាជាតិ ដែល​សុទ្ធតែជា​មនុស្ស​ស្និទ្ធ​នឹង​ព្រះអង្គ និង អ្នក​ម្នាង​ម៉ូ​និក​របស់​ព្រះអង្គ ។
​បន្ទាប់ពី​ទទួល​បានការ​បដិសណ្ឋារកិច្ច​នៅ​រដ្ឋសភា​រួចមក ក្បួន​បាតុកម្ម​បាន​ដង្ហែ​ឆ្ពោះទៅ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ វៀតណាម និង ស្ថានទូត​របស់​រដ្ឋាភិបាល​បដិវត្តន៍​បណ្តោះអាសន្ន​នៃ​វៀតណាម​ខាងត្បូង ។ កំហឹង​ក្រេវក្រោធ​របស់​បាតុករ​មិនអាច​ទប់ទល់​បាន ទើប​ស្ថានទូត​ទាំង​២​ត្រូវបាន​បំផ្លាញ​យ៉ាងដំណំ ។​
​ ​ទ្រី​ស្តង់ សា​រ៉ុង អ្នកសារព័ត៌មាន ឡឺ​ម៉ុង​ដ៍ បាន​អះអាងថា ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំ​ដោយ សូ​ស្តែ​ន ហ្វែ​ណង់​ដេ​ស តាំងពី​ដើមឆ្នាំ​១៩៦៩​មកម្ល៉េះ ។​
​សៀវភៅ “ ប្រវត្តិ​សង្ខេបនៃ​ប្រទេស​កម្ពុជា “ អះអាងថា សម្តេច​បាន​ជួប​លន់ នល់ ដែល​ស្មោះត្រង់​នឹង​ព្រះអង្គ នៅ​ទីក្រុង រ៉ូម ឱ្យ​លន់ នល់ ជួយ​ចាត់ចែង​បាតុកម្ម ដើម្បី​ជួយ​គាំទ្រ​ដល់​ព្រះអង្គ នៅពេល​ព្រះអង្គ​យាង​ទៅ​ប៉េកាំង និង មូ​ស្គូ ស្វែងរក​ឱ្យ​មេ​កុ​ម្មុយ​និ​ស្ត​ទាំងពីរ​ដែលជា​មេ​របស់​កុ​ម្មុយ​និ​ស្ត​យួន ដាក់​គំនាប​លើ​យួន​ឱ្យ​ដកទ័ព​ចេញពី​ទឹកដី​ខ្មែរ ។​
​ ​សម្តេចព្រះ​ប្រមុខរដ្ឋ បាន​យាង​ទៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​១៩៧០ ដើម្បី​ព្យាបាល​ព្រះរោគ ។​
​ពី​ទីក្រុង​ប៉ារីស ព្រះប្រមុខរដ្ឋ បាន​ថ្កោលទោស​បាតុកម្ម​ទាំងនេះ ថា​ស្និទ្ធ​នឹង​អាមេរិកាំង ។ ពេល​ព្រះអង្គ​យាង​មក​កម្ពុជា​វិញ ព្រះអង្គ​នឹង​ផ្តន្ទាទោស​ដល់​រដ្ឋាភិបាល​ដែល​ចាត់ចែង​ឱ្យមាន​បាតុកម្ម​នេះ ។
​ ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ បាន​បញ្ជូន​លោក យ៉ែម សំបូរ ឧបនាយករដ្ឋមន្ត្រី​ទី​២​តំណាង​រដ្ឋាភិបាល ។ ព្រះមហា​ក្សត្រិយានី​កុស​មៈ បញ្ជូន​ព្រះអង្គម្ចាស់​នរោត្តម កន្តុល ទៅកាន់​ទីក្រុង​មូ​ស្គូ​ជាបន្ទាន់ ជាទី​ដែល​ព្រះអង្គ​ត្រូវ​យាង​ទៅធ្វើ​ទស្សនកិច្ច ដើម្បី​រាយការណ៍​ថ្វាយ​សម្តេច​អំពី​ហេតុការណ៍ និង សេចក្តីសម្រេចចិត្ត​នានា​នៅក្នុង​ប្រទេស ។ ប៉ុន្តែ​ព្រះអង្គ​បាន​បដិសេធថា ព្រះអង្គ​នឹងមិន​ទទួល​នូវ​ការចូលគាល់​របស់​ឥស្សរជន​ទាំង​២​រូបនេះ​ឡើយ ។
​ ​ដោយមាន​ការគាំទ្រ​ពី​វេរ​សេនីយ៍​ទោ សាក់ ស៊ុត​សា​ខន នាយ អគ្គសេនាធិការរង​នៃ​កងទ័ព​ជាតិ , ថ្ងៃទី​១២ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ និង សេរី​មតៈ បាន​លុប​កិច្ចសន្យា​ពាណិជ្ជកម្ម​ដែល សម្តេច​សីហនុ បានធ្វើ​ជាមួយ​វៀតណាម​កាលពី​ថ្ងែ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៨ និង បិទ​កំពង់ផែ កំពង់សោម ជាទី​ដែល​អាវុធ​យុទ្ធ​ភ័​ណ្ឌ ត្រូវបាន​ដឹកជញ្ជូន​ទៅ​ផ្គត់ផ្គង់​កងទ័ព​វៀតណាម​ខាងជើង ។​
​ ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ ដឹកនាំ​ដោយ​លន់ នល់ ផ្ញើលិខិត​ទៅឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ និង រណសិរ្ស​រំដោះជាតិ​វៀតណាម​ខាងត្បូង​ដោយ​ដាក់​ឱ​សា​នុ​វាទ ឱ្យ​ដក​កងទ័ព​របស់ខ្លួន​ចេញពី​ទឹកដី​ខ្មែរ​ឱ្យអស់​ក្នុង​រយៈពេល​៤៨​ម៉ោង ពោលគឺ​មិនឱ្យ​យឺត​ជាង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១៩៧០ ពុំ​នោះទេ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​យោធា ។
​ ​អ្នករស់នៅ​នា​ជំនាន់​នោះ ហើយ​ដែលមាន​ជីវិត​មកដល់​បច្ចុប្បន្ន បាន​និយាយថា រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ បានដាក់​ឱ​សា​នុ​វាទ​នេះ មិនមែន​តែ​ចំពោះ​កងទ័ព​ទេ ប៉ុន្តែ​ដោយ​រួមទាំង​អនិកជន​វៀតណាម​ទាំងអស់​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ខ្មែរ ​ផងដែរ ។​
​ពេលវេលា​ឱ​សា​នុ​វាទបាន​ចូលមក​ដល់ និង កន្លងផុត​ទៅដោយ​ពុំមាន​ការឆ្លើយតប​ពី​យួន​កុ​ម្មុយ​និ​ស្ត ហើយ​អនិកជន​យួន​នៅលើ​ទឹកដី​ខ្មែរ​ក៏​មិន​អើពើ​ចំពោះ​ឱ​សា​នុ​វាទ​របស់​ រដ្ឋាភិបាល​ដែរ ។
​សិរិមតៈ បា​អះអាងថា លន់ នល់ ធ្លាប់បាន​ជួប​ប្រធាន​រណសិរ្ស​វៀត​កុង និង នាយក​មន្ត្រី​វៀតណាម​ខាងជើង​នៅ​ប៉េកាំង ជម្រុញ​ឱ្យ​ពួកគេ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ប៉ុន្តែ​គាត់​ទទួលបាន​លទ្ធផល​ខក​ចិត្ត​យ៉ាងខ្លាំង ។​
​ ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ នាទី​ក្រុងប៉ារីស ព្រះប្រមុខរដ្ឋ​មានបន្ទូលថា​ព្រះអង្គ​​នឹង​យាង​ត្រឡប់មក​កម្ពុជា​ក្នុងពេល​ ឆាប់ៗ​ដើម្បី​រៀបចំ​អព្យាក្រឹតភាព​កម្ពុជា​ឡើងវិញ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាង​ចាក​ចេញពី​បារាំង​ទៅ​ឈប់​សំចត​នៅ​មូ​ស្គូ និង ប៉េកាំង ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល​ទាំងពីរ​នេះ​ដាក់​សម្ពាធ​លើ​យួន​ខាងជើង និង វៀត​កុង​ឱ្យ​ដក​ចេញពី​ទឹកដី​ខ្មែរ ។

​ ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយទៀត​ត្រូវបាន​ធ្វើឡើង​នៅមុខ​រដ្ឋសភា ទាមទារ​ឱ្យ​អង្គកា​កំពូល​នេះ​វែកមុខ និង ផ្តន្ទាទោស​ឥស្សរជន​ស៊ី​វី​ល និង យោធា​ដែល​សមគំនិត​ជាមួយ​ពួក​វៀតណាម​កុម្មុយនីស្ត ។​
​ក្នុងឱកាស​នោះ​ពួក​អ្នកតំណាង​វណ្ណៈ​សង្គម​គ្រប់​ជាន់ថ្នាក់​បាន​ឡើង​អាន​ ញត្តិ និង ការតវ៉ា សារទុក្ខ​មិន​សុខចិត្ត នៅក្នុង​សភា​ជាការ​ស្តីបន្ទោស​ធ្ងន់ៗ ។ ខិតប័ណ្ណ​ជាច្រើន​បាន​បរិហារ​និង​ថ្កោលទោស​អ្នក​ម្នាង​ម៉ូ​និក , គ្រួសារ​អ្នក​ម្នាង និង មនុស្ស​នៅ​ជុំវិញ​សម្តេច ។
​នៅក្នុង​ការប្រជុំពេញអង្គ​បន្ទាន់​មួយ​រវាង​ពួក​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ ដើម្បី​ពិនិត្យមើល​ស្ថានការណ៍​នោះ ពួក​តំណាងរាស្ត្រ​ខ្លះ​ដោយមាន​លោក ទ្រិ​ញ វ៉ា​ញ ជា​ប្រមុខ​ដែលជា​មនុស្ស​របស់​ព្រះអង្គម្ចាស់​សិរិមតៈ បានចាប់ផ្តើម​បរិហារ​សម្តេច និង អ្នក​ម្នាង​របស់​ព្រះអង្គ​ដោយ​មិន​បញ្ចេញ​ព្រះនាម ។
​ ​សៀ​ភៅ សាធារណៈរដ្ឋ​ខ្មែរ អះអាងថា ការ​បរិហារ​នោះ លើកឡើង​នូវ​បញ្ហា​៣​ជាសំខាន់​គឺ ពុករលួយ​១, ការរត់ពន្ធ​១ និង ការ​អនុ​ញ្ញា​ត្ត​ឱ្យ​កងទ័ព​វៀតណាម​ខាងជើង និង វៀត​កុង​ឈប់​សំចត​លើ​ទឹកដី​កម្ពុជា គឺជា​ការ​ក្បត់ជាតិ ១ ។ ចំណែក​ពួក​បាតុករ​នៅ​ខាងក្រៅ​រដ្ឋសភា​បាន​បែកខ្ញែក​គ្នា​ទៅ​ស្ទើរ​អស់ ។​
​រហូតដល់​ថ្ងៃត្រង់​ថ្ងៃទី​១៦​មីនា​នោះ​ការជជែក​គ្នា​ក្នុង​បរិបទ​នេះ​មាន​ សភាព​ពុះកញ្ជ្រោល​ច្របូកច្របល់​ខ្លាំង​ឡើងៗ រហូតដល់​ម៉ោង​ប្រមាណ​ជា​១២ និង ៣០ នាទី​ថ្ងៃត្រង់​ហើយ​ការចោទប្រកាន់​បរិហារ​រិះគន់​សម្តេច​សីហនុ​កាន់​តែមាន​ សភាព​ជូរចត់​ឡើង ។ លុះ​ពេល​ព្រលប់ ពួក​អ្នកតំណាងរាស្ត្រ និង សមាជិក​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​បានសម្រេច​ចិត្ត​លើក​សម័យប្រជុំ​ទៅ​ ថ្ងៃស្អែក​។​ព្រឹក​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​១៩៧០ ភាពចលាចល​ហាក់​បាន​កើតឡើង​ម្តងទៀត ។

​ ​ឥឡូវនេះ​ថ្ងៃទី​១៨​មីនា ឆ្នាំ​១៨៧០ បាន​ចូល​មកដល់ ។ នៅវេលា​ម៉ោង​៩​ព្រឹក សភាជាតិ និង ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​បាន​បើក​ការប្រជុំ​ជាមួយគ្នា​សារជាថ្មី​ដោយ​ បិទទ្វារ​ជិត រហូតដល់​ម៉ោង​១៣ និង ៣០ សភា​ទាំង​២ បាន​បោះឆ្នោត​ដកហូត​តំណែង​ជា​ព្រះប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា​ជា​ឯកច្ឆន្ទ ។ រហូតដល់​ម៉ោង​១៨ ល្ងាច​ទើប​ដំណឹង​នេះ​ត្រូវបាន​គេ​ផ្សាយ​ឱ្យដឹង​តាម​វិទ្យុជាតិ ។ ដំណឹង​នេះ​បាន​ឈួ​ល​ឱ្យមាន​កោលាហល កំហឹង​ក្រេវក្រោធ ច្របូកច្របល់ រំជើបរំជួល និង ការនិយាយ​គ្នា​យ៉ាង​រញីវ​នៅក្នុង​ស្រទាប់​ប្រជាជន​គ្រប់រូប ។ នៅក្នុង​ទីក្រុង​មានការ​ធ្វើ​ចលនា​នៃ​កងទ័ព និង រថពាសដែក ដែលនាំឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​ខ្លះ​ដែរ ប៉ុន្តែ​ពួកគេ​នៅតែ​ធ្វើ​មិន​អើពើ ។

​ ​សៀវភៅ “ សាធារណៈរដ្ឋ​ខ្មែរ “ ក៏ដូចជា​ឯកសារ​ភាគច្រើន​ផ្សេងទៀត បានផ្តល់​ទស្សនទាន​ថា ចាប់ពី​ពេល​មាន​បាតុកម្ម​នៅ​ស្វាយ​រៀងមក “​ប្រសិនបើ​សម្តេច​សីហនុ យាង​ត្រឡប់មក​មាតុប្រទេស​ជំនួស​ឱ្យ​ការយាង​ទៅ​មូ​ស្គូ និង ប៉េកាំង​នោះ ព្រះអង្គ​នៅតែមាន​ឱកាស​ក្តោប​ក្តាប់​សិទ្ធិអំណាច​របស់​ព្រះអង្គ​ដដែល​” ។​
​ប៉ុន្តែ​ដូច​អ្វីដែល​ព្រះអង្គ​បានប្រកាស​ពី​ក្រុងប៉ារីស​កាលពី​ថ្ងៃទី​១៣ ខែម​នា ១៩៧០​ហើយ​ថា ព្រះអង្គ​នឹង​យាង​មក​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាង​ទៅ​មូ​ស្គូ និង ប៉េកាំង ដើម្បី​ស្វែងរក​ការ​ដកទ័ព​វៀតណាម​ចេញពី​ទឹកដី​ខ្មែរ​។ ដូច្នេះ​ពួកគេ​គួរតែ​គ្មាន​បញ្ហា​អ្វី​ឡើយ ដែល​គ្រាន់តែ​រង់ចាំ​លទ្ធផល​របស់​ព្រះអង្គ​យាង​ដំណើរ​ទៅ មូ​ស្គូ និង ប៉េកាំង សឹម​សម្រេច​ចិត្តជា​ក្រោយ​ក៏​មិនយឺត​ដែរ ។
​ប៉ុន្តែ​ពួកគេ​បែរជា​សម្រេចចិត្ត​ដកហូត​ព្រះអង្គ​ពី​តំណែង​ក្នុងពេលដែល​ ព្រះអង្គ​កំពុង​បំពេញការងារ​ជូន​ជាតិ និង តាម​ការទាមទារ​រប​ស់​ពួកគេ ។ ប្រការនេះ​ធ្វើឱ្យ​យើង​មានការ​ម​ន្ទឹ​ល​ថា​គឺ​ពួកគេ​មានគំនិត​ដកហូត​ ព្រះអង្គ​ដោយសារ​ហេតុផល​ផ្សេងទៀត​ក្រៅពី​រឿង​កងទ័ព​វៀតណាម នៅលើ​ទឹកដី​ខ្មែរ ។​
​សំអាង​លើ​ចំណងមិត្តភាព​របស់​ព្រះអង្គ​ជាមួយ​ប៉េកាំង និង មូ​ស្គូ កន្លងមក ដើម្បី​សុំឱ្យ​ពួកគេ​បង្ខំ​វៀតណាម​ឱ្យ​ដកទ័ព​នោះ ទំនងជា​មិនអាច​ទៅរួច​ឡើយ ព្រោះ​ថាបើ​ធ្វើ​បែប​នោះ វៀតណាម​ខាងជើង​នឹង​ចាញ់​សង្គ្រាម ។ ធាតុ​ដ៏​សំខាន់​នៃ​សង្គ្រាម​នោះ​គឺ​សង្គ្រាម​សូ​វៀត និង ចិន​ប៉េកាំង ប្រជែង​នឹង​អាមេរិកាំង ហេតុនេះ បើ​យួន​កុ​ម្មុយ​និ​ស្ត​ចាញ់​សង្គ្រាម គឺ​ប៉េកាំង និង មូ​ស្គូ​ក៏​ជា​អ្នកចាញ់​ដែរ ហើយ​ធនធាន​ដ៏​សន្ធឹកសន្ធាប់​ដែល​ពួកគេ​បាន​ឧបត្ថម្ភ​យួន​កុ​ម្មុយ​និ​ស្ត​ កន្លងមក​នឹង​ទៅជា​អសា​បង់ ។ ហេតុនេះ​យើង​មិនឃើញ​មាន​ហេតុផល​ណា​មាន​ទម្ងន់​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ មហាអំណាច​កុ​ម្មុយ​និ​ស្ត​ទាំងពីរ​នេះ​ព្រម​តាម​បំណង​របស់​ព្រះអង្គ​ឡើយ ។

​ ​មតិ​ខ្លះ​យល់ថា​រដ្ឋប្រហារ​ថ្ងៃ​ពុធ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០​នោះ​គឺជា​ការ​រៀបចំឡើង​យ៉ាង​ល្អិតល្អន់​រវាង​សម្តេច​សីហនុ និង ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ក្នុងឱកាស​ដែល​ឥស្សរជន​២​រូបនេះ​ជួបគ្នា​នាទី​ក្រុងប៉ារីស ដើមខែ​កុម្ភៈ ឆ្នាំ​១៩៧០ ។ នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​២៨ ខែមីនា ឆ្នាំ​១៩៦៩ ព្រះអង្គ​បាន​មានបន្ទូលថា “ ខ្ញុំ​ពិភ័ល​ពី​លទ្ធភាព​នៃ​ការដក​ព្រះកាយ​ចេញ បើសិនជា​ខ្ញុំ​ពុំ​អាច​បន្ត​ការប្រយុទ្ធ​តស៊ូ​តែម្នាក់ឯង នៅពេលនោះ​អំណាច​នឹងត្រូវ​ប្រគល់​ទៅឱ្យ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ដែល​បច្ចុប្បន្ន​ជា​នាយក​មន្ត្រី​ស្តីទី​ស្រាប់ “ ។​
​ ​បន្ទូល​នេះ​ជាដើម​ដែល​ធ្វើឱ្យ​មតិ​ខ្លះ​គិតថា រដ្ឋប្រហារ នេះ​គឺ​ព្រះអង្គ​បាន​ព្រមព្រៀងគ្នា​ជាមួយ លន់ នល់ ពោលគឺ​ដោយសារ​ព្រះអង្គ​ទត​ឃើញថា ព្រះអង្គ​ពិបាក​ក្នុងការ​ប្រឈម​ចំពោះ​ស្ថានភាព​ដែល​ក្នុងអំឡុង​ពេលនោះ​ មានការ​ចោទប្រកាន់​ពី​អំពើពុករលួយ បក្សពួកនិយម នៅ​ជុំវិញ​រាជបល្ល័ង្ក និង អ្នក​ម្នាង​ម៉ូ​និក​របស់​ព្រះអង្គ​ផង ។ ព្រះអង្គ​ក៏ត្រូវ តស៊ូ​បណ្តេញ​ពួក​វៀតណាម​កុម្មុយនីស្ត​ឱ្យ​ចេញពី​ទឹកដី​ខ្មែរ​ផង ។ ម្យ៉ាងទៀត​ព្រះអង្គ​ត្រូវ​ប្រឈម​នឹង​ការ​វាយឆ្មក់​ពី​ពួ​ឧទ្ទាម​ខ្មែរក្រហម និង ពី​ពួក​ខ្មែរឥស្សរៈ ។ គេ​យល់ថា ព្រះអង្គ​ស្ថិតក្នុង​ស្ថានភាព​១​លើសពី​លក្ខន្តិកៈ​ដែលថា យល់​ញាតិ​ឃ្លាត​ច្បាប់​ទៅទៀត ។

​ ​ហេតុនេះ​ព្រះអង្គ​ព្រមព្រៀង​ប្រគល់​អំណាច​ទៅឱ្យ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ដើ​ម្បើ​ចាត់ការ​ដោះស្រាយ​ទំ​លុះ​ទំលាយ​នូវ​ភាពទ័លច្រក​ទាំងនេះ ដោយ​ត្រូវ​ប្រើ​រូបភាព​មួយ​ថា​ត្រូវ​ដកហូត​ព្រះអង្គ​ពី​តំណែង ទើប​ងាយ​ចាត់ការ​រឿ​ផ្សេងទៀត ហើយ​លន់ នល់ នឹង នាំ​ព្រះអង្គ​មក​ប្រថាប់​ក្នុង​អំណាច​វិញ​នៅក្នុងពេល​ដ៏​សមគួរ​មួយ​នាពេល​ ក្រោយ ។ ប៉ុន្តែ​ទស្សនៈ​នេះ​ភ្លេច​គិតថា កងទ័ព​យួន​ខាងជើង និង វៀត​កុង ប្រើប្រាស់​ទឹកដី​ខ្មែរ​ដោយសារ​នរណា , មិន​គឺ​ព្រះអង្គ​ទេ​ឬ ?
​ហេតុនេះ​ប្រសិនបើ​រឿងនេះ​ជាការ​ពិត​នោះ ទស្សនៈ​ដែលថា​ព្រះអង្គ​ត្រូវ​អ្នក​ម្នាង​ម៉ូ​និក​ឃាត់​មិនឱ្យ​យាង​មក​ កម្ពុជា​នោះ ត្រូវបាន​រំលាយចោល ត្បិត​អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​ព្រះអង្គ​និង លន់ នល់ បាន​គ្រោងទុក​រួចទៅហើយ ។​
​ផ្ទុយទៅវិញ​ប្រសិនបើ​មតិ​មួយ​នេះ ជា​រឿង​មិន​ពិត​ទេនោះ ទស្សនៈ​នេះ​គឺជា​ការគិត​ស្មាន​ព្រាវៗ ថែមទាំង​មានន័យថា គ្រាន់តែ​ជាការ​បង្កើត​ពាក្យ​ច​ចាម​អារាម​ដើម្បី​សម្រាល​ឬ​លាង​កំហុស​ឱ្យ​ លន់ នល់ កុំឱ្យ​ត្រូវបាន​ប្រវត្តិសាស្ត្រ​ចារ​ថា ជា​អ្នក​ក្បត់ជាតិ​ដោយសារ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពីស​ម្តេច​សីហនុ​ ទៅវិញ ។

​ ​សេចក្តី​ជូន​ព័ត៌មាន​ពី​លេខាធិការដ្ឋាន​របស់​សម្តេច​នរោត្តម សីហនុ ចុះ​ថ្ងៃទី​២៣ មីនា ១៩៧០ ពី​ទីក្រុង​ប៉េកាំង ដែលមាន​៥​ចំណុច ព្រះអង្គ​ប្រកាស​បដិសេធ​រដ្ឋាភិបាល​ភ្នំពេញ , បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ , បង្កើត​កងទ័ព​រំដោះជាតិ ។ ក្នុង​លិខិត​នេះ ក៏ដូចជា​សេចក្តីប្រកាស​ជា​បន្ត​បន្ទាប់មកទៀត​គឺ​កងទ័ព​រំដោះជាតិ​របស់​ ព្រះអង្គ​នឹងត្រូវ​បង្កើតឡើង​ជាមួយ​កងទ័ព​នៃ​ប្រជាជន​ដទៃទៀត គឺ​សំដៅ​ជាពិសេស​ដល់​សមាគម​ប្រជាជន​ឥ​ណ្ឌុ​ចិន គឺ​កុ​ម្មុយ​និ​ស្ត ។ ព្រះអង្គ​បាន​ចងសម្ព័ន្ធភាព​ជាមួយ​ពួក​ខ្មែរក្រហម​ដែលជា​អតីត​សត្រូវ​របស់​ ព្រះអង្គ ។

​ដោយសារ​សេចក្តីអំពាវនាវ​នោះ ទើប​ថ្ងៃទី​២៩ មីនា ១៩៧០ កងទ័ព​វៀត​កុង និង យួន​កុ​ម្មុយ​និ​ស្ត បើក​ការវាយលុក​មកលើ​កង​ទ័ព​ខ្មែរ​និង​សម្លាប់​ខ្មែរ​យ៉ាងច្រើន និង យ៉ាង​សប្បាយ​ដៃ​ដោយ​សំអាងថា​ដើម្បី​នាំ​សម្តេច​មក​ក្នុង​តំណែង​វិញ ។ គេ​មើលឃើញ​យ៉ាង​ងាយ​ថា គឺ​ពួក​យួន​ទាំងនោះ​ត្រូវការ​កំទេច​កងទ័ព​ខ្មែរ​របស់​លន់ នល់ និង សិរិមតៈ ដែល​គេ​ចាត់ទុកថា ជា​របាំង​រាំង​ឃាត់​ពួកគេ​កុំឱ្យ​ប្រើប្រាស់​ទឹកដី​ខ្មែរ ។
​បើ​ព្រះអង្គ​មានបំណង​ដេញ​យួន​កុ​ម្មុនិ​ស្ត​នៅលើ​ទឹកដី​ខ្មែរ​ដែលជា​ ហេតុនាំឱ្យ​ខ្មែរ​ស្លាប់ ឬ និយាយ​ម្យ៉ាង​ទៀតថា ព្រះអង្គ​ព្រមព្រៀង​ឱ្យ​លន់ នល់ ទម្លាក់​ព្រះអង្គ​មែន​នោះ ពេល​ត្រូវ​លន់ នល់ ទម្លាក់ ព្រះអង្គ​ប្រាកដជា​មិនបង្កើត​កងទ័ព និង​រដ្ឋាភិបាល​និរទេស​ទេ ។ បើ​បែរជា​បង្កើត​វិញ គឺ​មុខជា​បង្កើត​ដើម្បី​រួម​ដៃ​ជាមួយ​រដ្ឋាភិបាល​លន់ នល់ ដើម្បី​បណ្តេញ​យួន​ទាំងនោះ និង ធ្វើ​នូវ​រាល់​អ្វីៗ​តាម​លទ្ធភាព​ដើម្បី​ជម្រុញ​រដ្ឋាភិបាល​នេះ​ឱ្យបាន​ ជោគជ័យ​ក្នុងការ​បណ្តេញ​យួន និង យៀកកុង​ចេញពី​ដី​ខ្មែរ ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជារាស្ត្រ​ខ្មែរ​ពី​គ្រាប់បែក​អាមេរិកាំង និង គ្រាប់កាំភ្លើង​យួន​ខាងត្បូង និង ដើម្បី​ការពារ​អព្យាក្រឹតភាព​ខ្មែរ​យ៉ាង​ប្រាកដ ។
​មិន​បែប​នោះ​សោះឡើយ​ព្រះអង្គ​បង្កើត​កងទ័ព​ដើម្បី​កំទេច​រដ្ឋាភិបាល​ ភ្នំពេញ​ដែល​កំពុង​មមាញឹក​ក្នុងការ​បណ្តេញ​យួន​ចេញពី​ទឹកដី​ខ្មែរ ដើម្បី​សង្គ្រោះ​ជីវិត​ប្រជារាស្ត្រ​ខ្មែរ ទៅវិញ ។​
​ អំឡុង​ឆ្នាំ​១៩៧៣ អាមេរិកាំង បាន​ស្វះ​ស្វែងរក​ការសម្រុះសម្រួល​រវាង​ក​ង​ទ័ព​របស់​ព្រះអង្គ និង ខ្មែរក្រហម ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ​របស់ លន់ នល់ នោះ ព្រះអង្គ​បាន​បដិសេធ ហើយ​ថា​ព្រះអង្គ​នឹងត្រូវ​តែ​កំទេច​រដ្ឋាភិបាល​ភ្នំពេញ​ឱ្យខាងតែបាន ។
​ព្រះអង្គម្ចាស់ សិរិមតៈ បាន​បញ្ជាក់ថា ប្រសិនបើ​រាស្ត្រ​ខ្មែរ​ត្រូវការ​សម្តេច សីហនុ មក​ដឹកនាំ ឬ ថា​ប្រសិនបើ​វត្តមាន​របស់​ព្រះអង្គ​ក្នុង​អំណាច អាច​នាំ​សន្តិភាព​មកឱ្យ​ខ្មែរ​នោះ ព្រះអង្គ​(​សិរិមតៈ​) នឹង​សុខចិត្ត​ព្រម​ធ្វើតាម​នោះដែរ ។ សម្តេច​សីហនុ មិន​ទទួលព្រម​ធ្វើការ​សម្រុះសម្រួល​ឡើយ ហើយ​ថែមទាំង​ហៅ​ព្រះអង្គម្ចាស់ សិរិមតៈ ថា​ជា​ជន​ប្រតិកិរិយា ដ៏​អាក្រក់​បំផុត​ទៀតផង ។​
​ពេលនេះ​យើង​ឃើញ​យ៉ាងច្បាស់​ហើយ​ថា ទស្សនៈ​ដែលថា​ព្រះអង្គ និង លន់ នល់ ព្រមព្រៀងគ្នា​នោះ ចំពោះ​រដ្ឋប្រហារ​១៨​មីនា ១៩៧០ គឺជា​ទស្សនៈ​ខុស​ទាំង​
​ស្រុង ។

​ ​ឥឡូវនេះ​យើង​ត្រឡប់​ទៅរក​ហេតុការណ៍​ទាក់ទង​នឹង​ការធ្វើ​រដ្ឋប្រហារ​វិញ ។​គេហទំព័រ Wikipdia បាន​អះអាងថា “​លន់ នល់ បាន​បដិសេធ​មិន​អនុ​ញ្ញា​ត្ត​ឱ្យ​ដកហូត សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រធាន​ប្រមុខរដ្ឋ​ឡើយ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បាន​ចាក់​កាសែត​ដែល​គេ​លួច​ថត​ពេល​សម្តេច នរោត្តម សីហនុ មានបន្ទូល​នៅក្នុង​អង្គប្រជុំ​១ នៅ​ទីក្រុង​ប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុង​ខ្សែអាត់​នោះ ព្រះអង្គ​បាន​ស្តីបន្ទោស​ចំៗ​ឈ្មោះ​នូវ​មនុស្ស​ដែល​ព្រះអង្គ​ហៅថា​ជា​អ្នក​ ក្បត់​ព្រះអង្គ ដែលមាន​ឈ្មោះ លន់ នល់ និង សិរិមតៈ​ផង ហើយ​ថា​ព្រះអង្គ​នឹងដាក់​ទណ្ឌកម្ម​ពួក​អ្នក​ទាំងនោះ​ភ្លាម នៅពេល​ព្រះអង្គ​យាង​មកដល់​ភ្នំពេញ ។
​នាយករដ្ឋមន្ត្រី លន់ នល់ នៅតែ​មិន​ប្រាកដថា​នឹង​ញុះញង់​ឱ្យ​សភា​បោះឆ្នោត​ទម្លាក់​សម្តេច​នៅឡើយ ។ យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០​នោះ ព្រះអង្គម្ចាស់ សិរិមតៈ និង មន្ត្រី​យោធា​៣​រូប បាន​ទៅដល់​ភូមិគ្រឹះ​របស់ លន់ នល់ ហើយ​ភ្ជង់​កាំភ្លើង​បង្ខំ លន់ នល់ ដែល​កំពុង​ជោគជាំ​ដោយ​ជលនេត្រ​ឱ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ចាំបាច់​ទាំងឡាយ​ ដើម្បី​ដកហូត​សម្តេច សីហនុ ។ ស្អែក​ឡើង ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សភា បាន​បោះឆ្នោត​ជា​ឯក​ឆន្ទ ដកហូត​សម្តេច​សីហនុ ពី​អំណាច​” ។​
​សៀវភៅ សាធារណរដ្ឋ​ខ្មែរ បាន​និយាយ​នៅក្នុង​វង់​ក្ររ​ចក​ថា លោក ណា​ង គឹម​សួរ អតីតរដ្ឋមន្ត្រី​ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍​រប​ស់​សាធារណរដ្ឋ បានឱ្យដឹងថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឥស្ស​រ៉ូ ( ជា​ព្រះអនុជ ឬ ជា ព្រះរៀម​របស់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ​)​ដែលជា​អ្នក​បាន​ចូលរួម​ប្រជុំ​ផ្ទាល់​ជាមួយ​សម្តេច​សីហនុ នៅ​ទីក្រុង​ប៉ារីស ជា​អ្នក​លួច​ថត​ព្រះបន្ទូល​របស់​សម្តេច​សីហនុ​ក្នុងពេល​ប្រជុំ​សំងាត់​នោះ ។ ដោយ​បានឮ​មានឈ្មោះ​ខ្លួន​នៅក្នុង​នោះ ទើប​ពួកគេ​ចាត់ការ​សម្តេច​មុន ។

​គេហទំព័រ Wikipedia បាន​អះអាងថា “ Prom Thos ជា​រដ្ឋមន្ត្រី​ម្នាក់​របស់​លន់ នល់ បាន​ប្រាប់​អ្នកប្រវត្តិសាស្ត្រ​ឈ្មោះ Ben Kiernan​ថា នៅ​អំឡុង​ខែមីនា ឆ្នាំ​១៩៦៩ សិរ​មតៈ បាន​បង្ហើប​ថា សីហនុ គួរតែ​ត្រូវបាន​សម្លាប់ចោល ប៉ុន្តែ​លន់ នល់ បាន​បដិសេធ​នឹង​គម្រោង​នេះ ដោយ​និយាយថា វា​ជា​គម្រោងការ​ឧក្រឹដ្ឋ​ដ៏​ឆ្កួត​លេលា “​។
​ ​អ្នកសង្កេតការណ៍​ខ្លះ ក៏ដូចជា​សម្តេច សីហនុ បាន​ចោទថា បងប្អូន​ជីដូនមួយរ​បស់​ព្រះ​ង្គ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែល​តែងតែ​ច្រណែន នឹង ព្រះអង្គ​តាំងពី​កុមារ និង សត្រូវ​នយោបាយ​ដ៏​យូរលង់​របស់​ព្រះអង្គ​ដែល​បាន​កំពុង​និរទេស​ខ្លួន​នៅ​ វៀតណាម​ខាងត្បូង គឺ សឺ​ង ង៉ុ​ក ថា​ញ់ ដោយ​មា​ការគាំទ្រ​ពី​ភ្នាក់ងារ​ស៊ី​.​អាយ​.​អេ ( C.I.A) ជា​អ្នកធ្វើ​រដ្ឋប្រហារ​នេះ ។​
​ ​សៀវភៅ​ឈ្មោះ “ សេ​.​អ៊ី​.​អា ប្រឆាំង​ប្រទេស​កម្ពុជា​” ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេច​សីហនុ ព្រះអង្គ​បាន​ចោទថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ច្រណែន​នឹង​ព្រះអង្គ ព្រោះ សិរិមតៈ យល់ថា បន្ទាប់ពី​ព្រះករុណា ស៊ី​សុ​វត្ថ មនុ​វង្ស សោយ​ទីវ​ង្គ​ត​នៅ​ឆ្នាំ​១៨៤០​ទៅ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនី​រ៉េត ឬ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ អង្គឯង​ផ្ទាល់​ទេ​ដែល​ត្រូវ​ឡើង​ស្នងរាជ្យ ប៉ុន្តែ​បារាំង​បែរជា​ជ្រើសរើស សម្តេច សីហនុ ដែលជា​ខ្សែ​នរោត្តម ទៅវិញ ។
​ស្រ​ឡាយ ស៊ីសុវត្ថិ ទាំងឡាយ ក៏ដូចជា​ព្រះអង្គម្ចាស់ សិរិមតៈ ដែរ​ចង់ហូត​សម្តេច​សីហនុ ចេញពី​អំណាច និង យក​មកុដ បំពាក់​ឱ្យ​មនុស្ស​ណា​ម្នាក់​ដែលជា​ស្រ​ឡាយ ស៊ី​សុ​វត្ថ អាចជា​ព្រះអង្គ (​សិរិមតៈ​)​ផ្ទាល់ ឬ បុត្រ​សុនិសារ​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ស៊ី​សុ​វត្ថ ឌួង​ជីវិន ។
​ ​
​ ​ចំពោះ​សាធារណៈមតិ​ជាតិ និង អន្តរជាតិ​យល់ថា​មនុស្ស​៣​រូប​ជា​មេគំនិត​នាំឱ្យមាន​ព្រឹត្តិការណ៍​១៨​មិនា ១៩៧០​គឺ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ ១, ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ១ និង អ៊ិន តាំ ដែលជា​ប្រធាន​សភាជាតិ ១ ។ មនុស្ស​ទាំ​៣​រូបនេះ​ត្រូវបាន​គេ​
​ហៅថា “​មនុស្ស​១៨​មិនា​” ។​
​ ​ប៉ុន្តែ​សៀវភៅ​សាធារណរដ្ឋ​ខ្មែរ បាន​អះអាងថា ព្រឹត្តិការណ៍​កើតឡើង​ទៅបាន​ដោយសារ​ការសម្របសម្រួល​គៃបន្លំ​របស់​មនុស្ស​ទី​ ៤​គឺ​វរសេនិយ៍​ត្រី លន់ ណុន ដែលជា​ប្អូនប្រុស​បង្កើត​របស់​លន់ នល់ ។​
​ ​

បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ


ដោយ : ខឿន សា​ឃាង​
ថ្ងៃទី 26 កុម្ភៈ 2012
CEN
កាក់​ប្រាក់​បាត​ខ្មែរ ដែល​ព្រះបាទ​អង្គឌួង​បញ្ជា​ឱ្យ​បោះ​ដំបូង
កាក់ ប្រាក់ បាត ខ្មែរ ដែល ព្រះបាទ អង្គឌួង បញ្ជា ឱ្យ បោះ ដំបូង
ភ្នំពេញ: ក្រដាស​ប្រាក់រៀល​ខ្មែរ ត្រូវបាន​បោះពុម្ព​ដំបូង​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះបាទ​អង្គឌួង ដើម្បី​ប្រើប្រាស់​ចាយវាយ​ជំនួស​ប្រាក់​បាត ជា​កាក់​លោហធាតុ នាំ​មកពី​ប្រទេស​សៀម ដែលមាន​ដោយ​កម្រ ព្រោះ​ខ្មែរ​ពុំមាន​វត្ថុ​ដើម​សម្រាប់ធ្វើ និងក៏​ដោយសារ​ការចង់​រើបម្រះ​ចេញពី​ការត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ពី​ សំណាក់​ប្រទេស​សៀម​។​
​ការសិក្សា​ស្រាវជ្រាវ​ទៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​បានដឹងថា ពួក​ឈ្មួញ​មកពី​ប្រទេស​ចិន ឬ ពី​សិង្ហ​បុរី មក​ជួញដូរ​នៅ​ស្រុក​ខ្មែរ ប្រើ​វិធី​ដូច​សម័យកាល​បុរេប្រវត្តិ គឺ​យក​ទំនិញ​មក​ដោះដូរ​យក​អង្ករ យក​ពោត យក​ម្រ័ក្សណ៍ ជាពិសេស​ពួកគេ​ត្រូវការ​ស្បែក​សត្វ​ខ្លាំងណាស់ ។ ឯ​ការដោះដូរ​នោះ​ត្រូវធ្វើឡើង​ដោយ​៥​ភាគ ដូរ​នឹង​១​ភាគ​។​
​ប្រទេស​ខ្មែរ​ធ្លាប់​ប្រើប្រាស់​ប្រាក់ណែន គឺ​កាក់​ធ្វើ​ពី​លោហធាតុ សម្រាប់​ចាយវាយ  ដោះដូរ​ក្នុង​វិស័យ​ផ្សេងៗ ដូចជា​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង វិស័យសេដ្ឋកិច្ច​ជាដើម ។
​សង្គ្រាម​ក្នុងស្រុក​នៃ​ការដណ្តើម​អំណាច​រវាង​ព្រះរាជវង្សានុវង្ស​ខ្មែរ និង​សង្គ្រាម​ជាមួយ​បរទេស អូសបន្លាយ​រាប់​សតវត្សរ៍ បាន​បំផ្លាញ​ប្រទេស​ខ្មែរ​ឱ្យ​វិនាស​ហិនហោច​អស់ទាំង​មាស ប្រាក់ សំរឹទ្ធិ ទាំង​ទ្រព្យសម្បត្តិ​ផ្សេងៗ និង​គោក្របី សូម្បីតែ​មនុស្ស​ក៏​រលស់​ស្ទើរ​អស់ពី​ទឹកដី ម្យ៉ាង​ដោយសារ​ការបាត់​បង់ជីវិត​ក្នុង​សង្គ្រាម ម្យ៉ាង​ត្រូវ​កងទ័ព​អណ្ណាម និង សៀម​កៀរ​យកទៅ​ធ្វើជា​ឈ្លើយ នៅសល់តែ​ប្រជាជន​ចំនួន​តិចតួច​ដែល​ក្រលំបាក​តោកយ៉ាក រស់នៅ​រង​ក្តី​ភ័យខ្លាច​រាល់ថ្ងៃ ។​
​បន្ទាប់ពី​ភាពមិន​ឈ្នះ មិន​ចាញ់​រវាង​ប្រទេស​អណ្ណាម និង ប្រទេស​សៀម នៃ​ការ ដណ្តើម​ប្រទេស​កម្ពុជា​មក ពួកគេ​បានសម្រេច​ចិត្ត​ប្រគល់​រាជសម្បត្តិ​មកឱ្យ​កម្ពុជា​វិញ បើទោះជា​គេ​អាច​មើលឃើញ​ដោយ​ងាយ​ថា មិនមែនជា​ការលះបង់​គំនិត​ចង់យក​កម្ពុជា​ដាក់​ជា​ចំណុះ​ឡើយ ប៉ុន្តែ​ជាការ​ប្តូរ​វិធីសាស្ត្រ​ក៏ដោយ ។ ដោយហេតុនេះ នៅ​ថ្ងៃ​អង្គារ ០១​កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ម៉ោង​៧:០០ ព្រឹក ព្រះអង្គម្ចាស់​អង្គឌួង ក្នុង​ព្រះ​ជន្មាយុ​៥២​ព្រះវស្សា ជា​ព្រះរាជបុត្រ​ពៅ នៃ​ព្រះ​នរាយ​រាមា អង្គអេង បាន​ឡើង​សោយរាជ្យ​ជា​មហាក្សត្រ នៃ​ប្រទេស​កម្ពុជា នា​ក្រុង​ឧដុង្គ ។​
​ចាប់ពីពេលនោះ​ហើយ ដែល​ប្រទេស​កម្ពុជា​បាន​ស្រាកស្រាន្ត​បន្តិច​ពី​សង្គ្រាម ជាហេតុ​នាំឱ្យ​ប្រជាពលរដ្ឋ និង អ្នកដឹកនាំ​មាន​ពេលវេលា​គិតគូរ​ពី​ការស្តារ​ប្រទេសជាតិ​ដ៏​សែន​ខ្ទេចខ្ទាំ​ នេះ​ឡើងវិញ ។ ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​កត់ត្រា និង កត់សម្គាល់ថា ក្នុង​រជ្ជកាល នៃ ព្រះករុណា អង្គឌួង  នេះហើយ​ដែលជា​ការចាប់ផ្តើម​សករាជ​ថ្មី នៃ​ប្រទេស​កម្ពុជា ។ បើទោះបីជា​ប្រជារាស្ត្រ និង​មន្ត្រីរាជការ​ភាគច្រើន​ក្លាយជា​មនុស្ស​បាក់​ទឹកចិត្ត និង​អស់សង្ឃឹម​ហើយ​ក្តី ក៏​ព្រះអង្គ ជំរុញ និង បំផុសបំផុល​មនុស្ស​ក្នុងប្រទេស​ឱ្យ​ស្វាហាប់ ចាប់ផ្តើម​ប្រឹងប្រែង​កសាង​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ ។
​បន្ទាប់ពី​បាន​ឡើង​សោយរាជ្យ​ភ្លាម នៅ​ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ដដែល​នោះ ព្រះបាទ​អង្គឌួង បាន​បញ្ជា​មន្ត្រី​ខ្ញុំ​រាជការ​ឱ្យ​បោះ “​ប្រាក់​បាត​”​សម្រាប់​ចាយវាយ​ជាបឋម ។  នៅ​គែម​ជុំវិញនៃប្រាក់​បាត​នោះ​ទ្រង់​ព្រះរាជទាន​ពាក្យ​ថា “ ព្រះ​នគរ​ក្រុង​កម្ពុជា​ធិបតី “ ហើយ​មាន​ពុទ្ធសករាជ និង ចុល្លសករាជ មាន​រូប​ប្រាសាទ​នគរវត្ត​នៅ​ចំ​កណ្តាល ។ ម្ខាង​ទៀត​ទ្រង់​ឱ្យ​ដាក់​រូប​ហង្ស  ដែល​ពួក​អ្នកប្រវត្តិសាស្ត្រ​ទាំងឡាយ​បាន​អះអាងថា “​រូប​ហង្ស​នោះ​គឺជា​នាម​នៃ​ព្រះ​សំអាង​ហង្ស ជា​ចាងហ្វាង ដែល​បាន​ទៅ​សិក្សា​រៀនសូត្រ​នៅ​ប្រទេសក្រៅ​បាន​ចេះ​វិជ្ជា​បោះ​ប្រាក់​នោះ​” ។ ប្រាក់​បាត​នោះ​ជា​កាក់​ធ្វើ​ពី​លោហធាតុ ហើយ តម្លៃ និង​ទម្ងន់​នៃ​ប្រាក់​នោះ​មាន​ដូចតទៅ​នេះ ៖
១. ប្រាក់​បាត​ទម្ងន់ ១​បាត មួយ​តម្លឹង​
២. ប្រាក់​បាត​តូច​ទម្ងន់ ៤​ជី​
៣. ប្រាក់​ស្លឹង​ទម្ងន់ ១​ជី​
៤. ប្រាក់​ហួង​ទម្ងន់ ៥​ហ៊ុន​
​លើសពីនេះ​ទៅ ទ្រង់​ក៏បាន​ឱ្យ​បោះ​ហួង​មាស​សម្រាប់​ចាយវាយ​ផងដែរ ។ ទោះយ៉ាងណា ប្រាក់​នោះ​មាន​ដោយ​កម្រ​ណាស់ ។ មាន​មនុស្ស​ខ្លះ​តាំងពី​កើតមក​រហូតដល់​ស្លាប់​កុំថាឡើយ​បាន​ប្រាក់​នោះ​យកមក ​ចាយវាយ ឬ​ធ្វើជា​កម្មសិទ្ធិ សូម្បីតែ​បាន​កាន់ ឬ សូម្បីតែ​ឃើញថា​កាក់​នោះ​មាន​រូបរាង​យ៉ាងណា​ក៏​មិនដែល​បានឃើញ​ផង ។​
 ដូច​យើង​បាន​ពោល​ខាងដើម​ហើយ​ថា ដោយសារ​សង្គ្រាម ទាំង​មាស ទាំង​ប្រាក់ និង សំរឹទ្ធិ​នៅក្នុង​ប្រទេស​ខ្មែរ​ត្រូវបាន​ប​ច្ចា​មិ​ត្ដរឹប​អូស​យកទៅ​ប្រទេស​ គេ ទើប​ពេលនេះ​ប្រទេស​ខ្មែរ ពុំមាន​វត្ថុ​ធាតុ​សម្រាប់ធ្វើ​ប្រាក់​បាត​នេះឡើយ  ទើប​ប្រាក់​បាត​នេះ​នាំយក​មកពី​ប្រទេស​សៀម ។
​គេ​អាច​មើលឃើញ​ដោយ​ងាយ​ថា សៀម​មិន​ចង់ឱ្យ​ខ្មែរ​មាន​ឯករាជ្យភាព​សេដ្ឋកិច្ច​ឡើយ ព្រោះ​សៀម​នៅតែ​ចង់​គ្រប់គ្រង​ខ្មែរ​ដដែល ទើប​សៀម មិនមែន​ចេះតែ​ផ្គត់ផ្គង់​ប្រាក់​បាត​ទាំងនោះ​សម្រាប់​ខ្មែរ​ចាយវាយ​ឆ្លើយតប​ តាម​តម្រូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ។
៧​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ព្រះបាទ​អង្គឌួង មាន​ព្រះតម្រិះ​ថា ដោយសារ​ប្រាក់​បាត មាន​ដោយ​កម្រ​ពេក មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​បាន ម្យ៉ាង​បើ​នៅតែ​ប្រើប្រាស់​ប្រាក់​បាត​នេះ​តទៅទៀត មុខជា​មិនអាច​រក​ពន្លឺ នៃ​ឯករាជ្យភាព​ពិតប្រាកដ​ឃើញ​ឡើយ ទើប​ទ្រង់​ឱ្យគេ​ផ្លាស់​ប្តូរប្រាក់​បាត​នោះ​ចេញ ហើយ​ជំនួស​ដោយ​ប្រាក់រៀល ហើយ​ជា​លុយ​ក្រដាស​វិញ ។ ក្រដាស​ប្រាក់រៀល​កាលនោះ​មាន​៣​បែប ដែលមាន​តម្លៃ​ពី​៤​ហ្វ្រ​ង់ (Francs) រហូតដល់​១​ហ្វ្រ​ង់ (Franc) ៥០ សេន ។
​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បរិយាយ​ប្រាក់រៀល​កាលនោះ​ថា “​នៅខាងមុខ​ប្រាក់រៀល​នោះ​មាន​រូប​ហង្ស ក វែង ដូច​សត្វ​ហង្ស​ដែល​គេ​ដាក់​លើ​កំពូល​ដងទង់​នៅខាងមុខ​វត្ត​អារាម​នានា​ សព្វថ្ងៃ​នេះឯង ។ ឯ​នៅ​ម្ខាង​ទៀត​នៃ​ក្រដាស់​ប្រាក់រៀល​នោះ​មាន​រូប​ព្រះវិហារ​កំពូល​៣ ដែល​គេ​និយាយថា រូប​ប្រាសាទអង្គរវត្ត​” ។​
​ដោយហេតុនេះ ក្រដាស​ប្រាក់រៀល គឺ​ក្រដាសប្រាក់​ខ្មែរ​ត្រូវបាន​បោះពុម្ព​ជាដំបូង​នៅ​ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង ៕S


ប្រធានាធិបតី លន់ នល់
ប្រធានាធិបតី លន់ នល់
ថ្ងៃទី 11 មីនា 2012
ដោយ: ខឿន សាឃៀន
CEN
សេនាប្រមុខ លន់ នល់
សេនាប្រមុខ លន់ នល់
ភ្នំពេញ: ​លន់ នល់ (Lon Nol) ជា​អ្នកនយោបាយ និង ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​កម្ពុជា ដែល​ធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​២​លើក និង ជា​រដ្ឋមន្ត្រី​ការពារជាតិ ។ គាត់​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​សម្តេច នរោត្តម សីហនុ និង ជា​អ្នកបង្កើត​របប​សាធារណរដ្ឋ​ខ្មែរ និង ជា​ប្រធានាធិបតី​សាធារណរដ្ឋ​នេះ ។ គាត់​ក៏​ជា​មនុស្ស​ទី​១​ដែរ​ដែល​ចេញមុខ​ប្រកាសសង្គ្រាម​បណ្តេញ​យួន​ខាងជើង និងវៀត​កុង​ចេញពី​ទឹកដី​ខ្មែរ ។​
លន់ នល់ កើត​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩១៣ នា​ខេត្តព្រៃវែង ក្នុង​គ្រួសារ​ខ្មែរ​ដើមកំណើត​ចិន ។ ឪពុក​របស់គាត់​ឈ្មោះ លន់ ហ៊ិ​ន ម្តាយ​ឈ្មោះ នួន , គាត់​ជា​កូ​នទី​២​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​១០​នាក់ ដែល​ក្នុងនោះ​ប្អូនប្រុស​ទី​៧ ​របស់គាត់​ឈ្មោះ លន់ ណុន ជា​មនុស្ស​ដែលមាន​តួនាទី​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ខ្មែរ​ ចាប់តាំងពី​ការចាត់ចែង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ និង ការបង្កើត​របប​សាធារណរដ្ឋ​ខ្មែរ ។ ឪពុក​របស់គាត់ ធ្លាប់ជា​អភិបាលស្រុក​នៅ​ខេត្តសៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពី​បាន​ដឹកនាំ​ក្រុម​បង្ក្រាប​ចោរប្លន់​នៅ​ខេត្តព្រៃវែង ។ លន់ នល់ ទទួលបាន​ការអប់រំ​នៅ​សាលា​សា​សឺ​លូ​ប​-​ឡូ​បា (Chasseloup-Laubat) នាទី​ក្រុង​សាយ​ហ្ក​ន បន្ទាប់មក​បាន​ចូល​សិក្សា​នៅ​សាលា​យោធា​កម្ពុជា ។​
​លន់ នល់ ជា​មន្ត្រី​ស៊ីវិលក្នុងសម័យ​រដ្ឋាភិបាល​អាណានិគម​បារាំង​នា​ឆ្នាំ​១៩៣៧ ។ គាត់​បាន​ក្លាយជា​អ្នកកាន់អំណាច​រដ្ឋបាល ហើយក៏​បានធ្វើ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកប្រតិបត្តិ​ការ​ដ៏​មាន​ប្រសិទ្ធភាព​ របស់​បារាំង​ប្រឆាំង​បង្ក្រាប​ចលាចល​ជា​បន្តបន្ទាប់​នៃ​ការ​ប្រឆាំងនឹង​ អាណានិគម​​បារាំង​នា​ឆ្នាំ​១៩៣៩ ។ លុះដល់​ឆ្នាំ​១៩៤៦ គាត់​បាន​ក្លាយជា​ចៅហ្វាយ​ខេត្តក្រចេះ ។ គាត់​បាន​ក្លាយជា​សហកា​រី​របស់​សម្តេច សីហនុ ហើយ​នៅក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ នៅពេលដែល​គាត់​បាន​បង្កើត​ចលនា​ស្តាំនិយម , រាជាធិបតេយ្យ ជា​ក្រុម​នយោបាយ​គាំទ្រ​ឯករាជភាព​ដែល​ធ្វើ​ឲ្យ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង ​នយោបាយ​ប្រទេស​កម្ពុជា​ខ្លាំង​ឡើងៗ ។ គាត់​បាន​ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៥២ ហើយ​គាត់​បាន​ដឹកនាំ​ប្រតិបត្តិការ​កងទ័ព​ប្រឆាំង​វៀត​មិញ ។
​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យពី​បារាំង គណបក្ស​កំណែទម្រង់​ខ្មែរ (Khmer Renovation ) របស់គាត់ ( រួម​នឹង​គណបក្ស​ស្តាំនិយម​តូចៗ​ដែល​ដឹកនាំ​ដោយ សម សារី និង ដាប ឈួន ) បាន​ក្លាយជា​គណបក្ស​ស្នូល​របស់ គណបក្ស​សង្គមរាស្ត្រនិយម របស់​សម្តេច​នរោត្តម សីហនុ សម្រាប់​ប្រជែង​ការបោះឆ្នោត​ឆ្នាំ​១៩៥៥ ។​
​លន់ នល់ ត្រូវបានតែងតាំង​ជា​នាយសេនាធិការ​កងទ័ព​នៅ​ឆ្នាំ​១៩៥៥ និង ជា​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ឆ្នាំ​១៩៦០ និង កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផងដែរ ។​
​នៅពេលនោះ គាត់​ជា​អ្នកគាំទ្រ​ម្នាក់​ដែល​ទទួលបាន​ការទុកចិត្ត​ពីស​ម្តេច សីហនុ ។ ឆ្នាំ​១៩៦៣ គាត់​ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ខណៈដែល​សម្តេច សីហនុ ព្យាយាម​ស្វែងរក​ចលនា “ អព្យាក្រឹត​និយម “ ជា​អន្តរជាតិ​ក្នុង​បំណង​បញ្ចៀស​ប្រទេស​របស់​ព្រះអង្គ​ពី​ការប៉ះពាល់​ដោយ​ សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​២ ។​
​នៅ​ឆ្នាំ​១៩៦៦ ការបោះឆ្នោត​សភា បានធ្វើ​ឱ្យមាន​តុល្យភាព​អំណាច​ចំពោះ លន់ នល់ និង សមាសធាតុ​ស្តាំនិយម​របស់​គណៈបក្ស​សង្គមរាស្ត្រនិយម នៅពេលដែល​បេក្ខជន​អភិរក្ស និង ពួក​ស្លាប​ស្តាំ​ត្រូវបាន​ជ្រើសរើស​យ៉ាងច្រើន ។ លន់ នល់ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ហើយ​គាត់​គឺជា​មនុស្ស​ដែល​ប្រកៀក​ស្មា​គ្នា​ជាមួយ​សីហនុ ក្នុងការ​ប្រយុទ្ធ​ជាមួយ​ពួក​កុ​ម្មុយ​និ​ស្ត ។ ជាក់ស្តែង នៅ​ចន្លោះ​ឆ្នាំ​១៩៦៦-១៩៦៧ កង​អន្តរាគមន៍​របស់គាត់ រួមជាមួយ​កង​រាជ​តម្រួត​របស់​សម្តេច សីហនុ បាន​បង្ក្រាប​ការបះបោរ​របស់​កសិក​រ​នៅ​សំឡូត ខេត្តបាត់តំបង ដែល​ត្រូវបាន​ញុះញង់​ដោយ​ពួក​កុ​ម្មុយ​និ​ស្ត ។ ការបះបោរ​នេះ​កើតឡើង​ពី​កសិករ​លក់​ស្រូវ​ទៅឱ្យ​កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន​ ដែល​ដើរ​ប្រមូល​ទិញ​ក្នុងតម្លៃ​ថ្លៃ​ជាង​រដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ ការបង្ក្រាប​នេះ​មាន​សភាព​ឃោរឃៅ និង មាន​រយៈពេល​ច្រើន​ខែ រហូតដល់​មានការ​ប្រយុទ្ធ​ប្រដាប់អាវុធ និង មាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​បុគ្គល​ណា​កាត់​បាន​ក្បាល​ពួក​កុ​ម្មុយ​និ​ ស្ត ។ មនុស្ស​ជាច្រើន​បាន​រត់​ចូល​ព្រៃ និង អ្នកខ្លះ​ត្រូវបាន​ចាប់ចង​ធ្វើ​ទណ្ឌកម្ម​សួរចម្លើយ ។ សារព័ត៌មាន​នានា នា​សម័យ​នោះបាន​សរុប​ថា​យ៉ាងហោចណាស់​មាន​មនុស្ស​១.០០០ ក្លាយជា​ជនរងគ្រោះ ហើយ​អ្នក​ខ្លះទៀត​មាន​គំនុំ​ជាមួយ​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​យ៉ាងខ្លាំង ។ លន់ នល់ ធ្លាប់បាន​ធ្វើជា​អភិបាលខេត្ត​បាត់ដំបង​នេះដែរ ។​
​លន់ នល់ បាន​រងរបួស​នៅក្នុង​គ្រោះថ្នាក់​រថយន្ត​នៅ​ចុងឆ្នាំ​១៩៦៨ និង ត្រូវបាន​បង្ខំ​ឱ្យ​ថយ​ពី​កិច្ចការ​នយោបាយ​ជា​បណ្តោះអាសន្ន ។ ទោះយ៉ាងណា នៅ​ឆ្នាំ​១៩៦៨ គាត់​បាន​វិល​ត្រឡប់មក​ក្នុង​ឆាកនយោបាយ​វិញ ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​១៩៦៩ គាត់​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី​២​។​
​ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ លន់ នល់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេក្លោង​ម្នាក់​ក្នុងចំណោម​មនុស្ស​សំខាន់បំផុត​ ទាំង​៣​រូប ក្នុងការ​ទម្លាក់​សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ ។
​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ និង សេរី​មតៈ បាន​បិទ​កំពង់ផែ ព្រះសីហនុ ជាទី​ដែល​អាវុធ​យុទ្ធ​ភ័​ណ្ឌ ត្រូវបាន​ដឹកជញ្ជូន​ដោយ​លួចលាក់​សម្រាប់​ពួកវៀ​ត​កុង ទៅឱ្យ​កងទ័ព​វៀតណាម​ខាងជើង ។​
​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ របស់​លន់ នល់ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សម្តេច​សីហនុ កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ​១៩៦៩ ដោយសារ​ពេលនោះ​ស្ថានភាព​ប្រទេសជាតិ​កំពុងមាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ បាន​ផ្ញើលិខិត​ទៅឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ និង រណសិរ្ស​រំដោះជាតិ​វៀតណាម​ខាងត្បូង​ដោយ​ដាក់​ឱសានវាទ​ថា ឱ្យ​ដក​កងទ័ព​របស់ខ្លួន​ចេញពី​ទឹកដី​ខ្មែរ​ឱ្យអស់​ក្នុង​រយៈពេល​៤៨​ម៉ោង ពោលគឺ​មិនឱ្យ​យឺត​ជាង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១៩៧០ ពុំ​នោះទេ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​យោធា ។ មុននេះ លន់ នល់ ធ្លាប់បាន​ជួប​ប្រធាន​រណសិរ្ស​វៀត​កុង និង នាយក​មន្ត្រី​វៀតណាម​ខាងជើង​នៅ​ប៉េកាំង ជម្រុញ​ឱ្យ​ពួកគេ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ប៉ុន្តែ​គាត់​ទទួលបាន​លទ្ធ​ជាទី​ខកចិត្ត​យ៉ាងខ្លាំង ។​
​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ នាទី​ក្រុងប៉ារីស សម្តេច​សីហនុ​បាន​មានបន្ទូលថា​ព្រះអង្គ​នឹង​យាង​ត្រឡប់មក​កម្ពុជា​ក្នុងពេល​ ឆាប់ៗ​ដើម្បី​រៀបចំ​អព្យាក្រឹតភាព​កម្ពុជា​ឡើងវិញ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាង​ចាក​ចេញពី​បារាំង​ទៅ​ឈប់​សំចត​នៅ​មូ​ស្គូ និង ប៉េកាំង ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល​ទាំងពីរ​នេះ​ដាក់​គំនៀប​លើ​យួន​ខាងជើង និង វៀត​កុង​ឱ្យ​ដក​ចេញពី​ទឹក​ខ្មែរ ។

​ដោយ​សំអាង​លើ​សេចក្តីប្រកាស​នេះ គេ​ឃើញថារ​ដា្ឋ​ភិ​បាល​ភ្នំពេញ​ដែល​កំពុង​ត្រូវបាន​ដឹកនាំ​ជំនួស​ដោយ លន់ នល់ ក៏ដូចជា​ព្រះអង្គ​ដែរ​កំពុងធ្វើការ​ក្នុង​គោលដៅ​តែមួយ ពោលគឺ​ដើម្បី​បណ្តេញ​កងទ័ព​យួន​កុ​ម្មុយ​និ​ស្ត និង វៀត​កុង​ឱ្យ​ចេញពី​ទឹកដី​កម្ពុជា គ្រាន់តែ​ក្នុង​របៀប​ផ្សេងគ្នា​តែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើ​ឱ្យគេ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ព្រះអង្គ​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ ទៅវិញ ។​
​ស្ថានភាព​នៅ​កម្ពុជា​ពុំមាន​ភាព​ស្រាកស្រាន្ត​សោះឡើយ ។ ទឹកចិត្ត​របស់​រាស្ត្រ​ខ្មែរ​កាន់តែ​ពោរពេញ​ទៅដោយ​កំហឹង​ខ្លាំង​ឡើងៗ​ចំពោះ​ កងទ័ព​វៀតណាម​ខាងជើង និង ពួកវៀ​ត​កុង ។ ព្រឹក​ថ្ងៃទី​១៦ មីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយទៀត​ត្រូវបាន​ធ្វើឡើង​នៅមុខ​រដ្ឋសភា ដើម្បី​សុំឱ្យ​អង្គការ​កំពូល​នេះ​ចោទប្រកាន់​ឥស្សរជន​ស៊ីវិល និង យោធា​មួយចំនួន​ពីបទ​សមគំនិត​ជាមួយ​វៀតណាម​កុ​ម្មុយ​និ​ស្ត៍ ដែល​មនុស្ស​ទាំងនោះ​សុទ្ធ​ជា​មនុស្ស​ក្នុង​រាជវង្ស ឬ ក៏​ជា​អ្នក​ស្និទ្ធ​នឹង​អ្នក​ម្នាង​ម៉ូ​និក ដូចជា អ៊ុំ ម៉ា​ណូ​រិន្ទ ជាដើម ។

​ស្អែក​ឡើង គឺ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​បានចាប់ផ្តើម​កញ្ជ្រោល​ឡើង​ម្តងទៀត ។ សភា​បាន​បន្ត​ការប្រជុំ​តាម​ការគ្រោងទុក ។ ការចោទប្រកាន់​ចំពោះ​សម្តេច​កាន់​តែមាន​ភាពជូរចត់​ឡើងៗ ។ រថពាសដែក និង រថយន្ត​ដឹក​កងទ័ព​ត្រៀមប្រយុទ្ធ​បានធ្វើ​ចលនា​ខ្វាត់ខ្វែង​តាម​ដង​ផ្លូវធំៗ​ ពាសពេញ​ទីក្រុង ។​
​យោងតាម​ឯកសារ​ខ្លះ “​លន់ នល់ បាន​បដិសេធ​មិន​អនុ​ញ្ញា​ត្ត​ឱ្យ​ដកហូត សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រធាន​ប្រមុខរដ្ឋ​ឡើយ ។​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បាន​ចាក់​កាសែត​ដែល​គេ​លួច​ថត​ពេល​សម្តេច នរោត្តម សីហនុ មានបន្ទូល​នៅក្នុង​អង្គប្រជុំ​១ នៅ​ទីក្រុង​ប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុង​ខ្សែអាត់​នោះ ព្រះអង្គ​បាន​ស្តីបន្ទោស​ចំៗ​ឈ្មោះ​នូវ​មនុស្ស​ដែល​ព្រះអង្គ​ហៅថា​ជា​អ្នក​ ក្បត់​ព្រះអង្គ ហើយ​ថា​ព្រះអង្គ​នឹងដាក់​ទណ្ឌ​ពួក​អ្នក​ទាំងនោះ​ភ្លាម នៅពេល​ព្រះអង្គ​យាង​ត្រឡប់​មកដល់​ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រី លន់ នល់ នៅតែ​មិន​ប្រាកដថា​នឹង​ញុះញង់​ឱ្យ​សភា​បោះឆ្នោត​ទម្លាក់​សម្តេច នៅឡើយ ។ យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០​នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមាន​មន្ត្រី​យោធា​៣​រូប បាន​ទៅដល់​ភូមិគ្រឹះ​របស់ លន់ នល់ ហើយ​ភ្ជង់​កាំភ្លើង​បង្ខំ លន់ នល់ ដែល​កំពុង​ជោគជាំ​ដោយ​ជលនេត្រ​ឱ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ចាំបាច់​ទាំងឡាយ​ ដើម្បី​ដកហូត​សម្តេច សីហនុ ។ ស្អែក​ឡើង ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សភា បាន​បោះឆ្នោត​ជា​ឯក​ឆន្ទ ដកហូត​សម្តេច​សីហនុ ពី​អំណាច​” ។

​ថ្វីត្បិតតែ​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែ​មានបំណង​ដកហូត សម្តេច នរោត្តម សីហនុ ពី​អំណាច​កំពូល​ក្នុងប្រទេស​ខ្មែរ ដោយសារតែ​សម្តេច​ជា​ស្រ​ឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែ​យើង​យល់ថា ការអះអាង​ខាងលើនេះ​មិនសូវ​ទំនង​ឡើយ គឺ​យើង​យល់ថា​ព្រះអង្គម្ចាស់ សិរិមតៈ មិន​ហ៊ាន​ធ្វើ​បែប​នោះ​ចំពោះ លន់ នល់ ឡើយ ។

​សៀវភៅ “សាធារណៈរដ្ឋ​ខ្មែរ“ របស់​បណ្ឌិត សាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្រ ​បាន​តាម​រុករក​ឃើញ​នូវ​រឿង​អាថ៌កំបាំង​មួយ​ដែលនាំឱ្យ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ សម្រេចចិត្ត​អនុ​ញ្ញា​ត្ត​ឱ្យមាន​ការដកហូត​សម្តេច​សីហនុ ពី​អំណាច​ថា គឺជា​ល្បិច​របស់​ប្អូនប្រុស​គាត់​គឺ លន់ ណុន ។

​គួរ​រំលឹក​ឡើងវិញ​ថា រហូតមកដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០ អំណាច​របស់​សម្តេច​សីហនុ នៅតែមាន​សុវត្ថិភាព​នៅឡើយ ត្បិត​មនុស្ស​ពីររូប​គឺ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់​បើកផ្លូវ ។​
​ពិត​ហើយ​ថា សិរិមតៈ កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា​បន្ទាប់ពី​ការប៉ុនប៉ង​របស់​ព្រះអង្គ​ក្នុងការ​ ដកហូត​សីហនុ ចេញពី​អំណាច ដើម្បី​យក​ម្កុដ​រាជ ទៅ​បំពាក់​ឱ្យ​មនុ​ស្សណា​ម្នាក់​ដែលជា​ស្រ​ឡាយ​ស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គ​ទំនងជា​មិន​ចង់​ទទួលខុសត្រូវ​រឿងនេះ​តែ​១​អង្គឯង ទើប​ព្រះអង្គ​នៅ​ចាំមើល​ការឈាន​មួយ​ជំហាន​មុន​របស់​លន់ នល់ ដែលជា​ជំហាន​ចុងក្រោយ​ដើម្បី​ទម្លាក់​សីហនុ ខណៈ លន់ នល់ ហាក់ដូចជា​មិនទាន់​ប្រាកដថា​ធ្វើយ៉ាងណា ដែល​មានន័យថា នាយករដ្ឋមន្ត្រី​រូបនេះ​មិនទាន់​អនុ​ញ្ញា​ត្ត​ឱ្យ​នរណាម្នាក់​ប៉ះពាល់​ដល់​ ឋានៈ​របស់​សម្តេច​សីហនុ ។​
​បណ្ឌិត សាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្ត បាន​ទំលាយ​ឱ្យដឹងថា “នៅ​យប់​ថ្ងៃទី​១៧ ឈានចូល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​នោះ លន់ ណុន អមដោយ ​ហង្ស ធុន​ហាក់, ឆន សុខុម និង គង់ អ៊​ន បាន​ទៅ​ភូមិគ្រឹះ​របស់​ លន់ នល់ ហើយ​បាន​ប្រាប់ ​លន់ នល់ ថា​៖ “លោក​បង ព្រះអង្គម្ចាស់ សិរិមតៈ បានសម្រេច​ព្រះទ័យ​ដកហូត​តំណែង​របស់​សម្តេច​សីហនុ ហើយ“ ។​
​លន់ នល់ ដែល​ទើបតែ​ភ្ញាក់​ពី​ដំណេក​ដោយសារ​ប្អូនប្រុស​របស់គាត់​ដាស់ បន្ទាប់ពី​ពួកគេ​បាន​ឈរ​រង់ចាំ​យ៉ាងយូរ​មក​នោះ បាន​ប្រាប់​ទៅ​លន់ ណុន វិញ​ថា ៖ “ បើ​មតៈ ព្រមព្រៀង​រួចទៅហើយ យើង​មានតែ​សម្រេច​ធ្វើ​អីចឹង​ទាំងអស់គ្នា ! “ ។

​តាមពិត​ព្រះអង្គម្ចាស់ ​សិរិមតៈ មិនទាន់​បានផ្តល់​ការយល់ព្រម​នៅឡើយ ។ បន្ទាប់មកទៀត លន់ ណុន បាន​ចាក​ចេញពីផ្ទះ​បងប្រុស​របស់គាត់ ធ្វើដំណើរ​ទៅ​គេហដ្ឋាន​របស់​ព្រះអង្គម្ចាស់ ​សិរិមតៈ ហើយ​បានទូល​ព្រះអង្គ​ថា បងប្រុស​របស់គាត់​គឺ លន់ នល់ បានសម្រេច​ចិត្ត​ចាត់ការ​ទម្លាក់​ សីហនុ ហើយ ដែល​តាមពិតទៅ លន់ នល់ បាន​ចាញ់បោក​គាត់​ (លន់ ណុន) តែប៉ុណ្ណោះ ។ ដោយហេតុនេះ ស្អែក​ឡើង គឺ​ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ បានសម្រេច​បោះឆ្នោត​ជា​ឯក​ឆន្ទ ដកហូត​សម្តេច​សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ នៅ​ម៉ោង ១៣ និង ៣០​នាទី “ ។
​យប់​ថ្ងៃទី​១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស​បង្កើត​រប​ប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ ។ ការប្រកាស​បែបនេះ បណ្ឌិត រស់ ច​ន្ត្រា​បុត្រ បាន​អះអាងថា ធ្វើឡើង​តាម​ការស្នើសុំ​របស់​វរ​សេនីយ៍​ត្រី លន់ ណុន ។ ប៉ុន្តែ​បន្ទាប់ពី​ត្រូវបាន​គេ​រាយការណ៍​ថ្វាយ​អំពី​សេ​ក្តី​ប្រកាស​នោះ ព្រះអង្គម្ចាស់ សិរិមតៈ បាន​ជំទាស់​ហើយ​បាន​ស្នើឱ្យ​លើក​សេចក្តីប្រកាស​នោះ​ទៅធ្វើ​នៅ​ថ្ងៃក្រោយ ។

​នៅពេល​ឃើញថា ដំណើរ​នៃ​ការបង្កើត​របប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា​ត្រូវបាន​រាំងខ្ទប់​ដោយ ​ព្រះអង្គម្ចាស់​សិរិមតៈ​ដែល​ចង់​បន្ត​ប្រទេស​កម្ពុជា​ឱ្យនៅ​ជា​ប្រទេស​រា​ ធិបតេយ្យ​តទៅទៀត​នោះ ទើប​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៧០ វរសេនីយ៍ត្រី លន់ ណុន បាន​បញ្ជា​ឱ្យ ថាច់ ជា (ដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម) រៀបចំ​ធ្វើបាតុកម្ម​ដ៏​ធំ​មួយ​ឈ្មោះថា “ដំណើរ​ឆ្ពោះទៅរក​ភាពស្របគ្នា​ខាង​ផ្លូវចិត្ត​គំនិត“ នៅក្នុង​ពហុកីឡាដ្ឋាន​អូឡាំពិក ក្រុងភ្នំពេញ ។ បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​សំណូមពរ​ឱ្យ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ បង្កើត​របប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា ។ បន្ទាប់ពី​ការជួប​ជុំគ្នា​នៃ​ហ្វូង​បាតុករ​នេះ​ទៅ វរសេនីយ៍ត្រី លន់ ណុន បាន​សន្យា​យ៉ាង​ឱឡារិក​ថា របប​សាធារណរដ្ឋ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​
​ប៉ុន្តែ​ព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្ស​របស់​ព្រះអង្គ​នៅតែ​មិន​ព្រម ហើយ​ព្រះអង្គម្ចាស់​លេចធ្លោ​ជាងគេ​នៃ​ស្រ​ឡាយ​ស៊ីសុវត្ថិ អង្គ​នេះ​លើក​ហេតុផល​ថា ពេលវេលា​ពុំទាន់​មកដល់​ឡើយ ហើយ​ថា​ប្រការនេះ​នឹងធ្វើ​ឱ្យ​ខូចខាត​ដល់​រូបភាព​នៃ​របប​ថ្មី​នេះ​នៅលើ​ឆាក​ អន្តរជាតិ និង ធ្វើឱ្យ​ចុះខ្សោយ​របប​នេះ​នៅក្នុង​សម័យប្រជុំ​អង្គការសហប្រជាជាតិ​ឆាប់ៗ​ ខាងមុខនេះ ។​
​ ​វា​ហាក់ដូចជា​ថា មនុស្ស​របស់ លន់ ណុន បាន​ជោគជ័យ​ច្រើនណាស់​ទៅហើយ នៅពេលដែល​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​១៩៧០ បានប្រកាស​តាម​វិទ្យុ​ថា របប​សាធារណរដ្ឋ នៅ​កម្ពុជា នឹង​ត្រូវបាន​បង្កើតឡើង​នៅ​រយៈពេល​២​ខែ​ខាងមុខ ។​
​ទោះជា​ព្រះអង្គម្ចាស់ សិរិមតៈ ខំ​រាំងខ្ទប់​យ៉ាងណា​ក៏​មិនបាន​ដែរ ហើយ​ទីបំផុត​ថ្ងៃទី​៩ តុលា ឆ្នាំ​១៩៧០ បានមក​ដល់ ហើយ​របប​សាធារណរដ្ឋ​ខ្មែរ បានប្រកាស​បង្កើតឡើង និង ប្រកាស​ឱ្យមាន​ការរៀបចំ​ធ្វើបុណ្យ​ទូទាំងប្រទេស ។ នេះ​ជា​លើក​ទី​១ និង តែ​ម្តងគត់ ដែល​របប​សាធារណរដ្ឋ បានចាប់កំណើត​នៅលើ​ទឹកដី​កម្ពុជា ។ ប្រការនេះ​ធ្វើឱ្យ​មនុស្ស​ភាគី​ទាំង​ទ្វេ​មានទំនាស់​នឹង​គ្នា​កាន់តែ​ ស្រួចស្រាល​ឡើង​ថែមទៀត ។ ដោយហេតុនេះ នៅ​ឆ្នាំ​១៩៧០ លន់ នល់ បាន​ក្លាយជា​ប្រធានាធិបតី​ទី​១ និង តែ​ម្នាក់​គត់​របស់​សាធារណរដ្ឋ នៅ​កម្ពុជា ។ គាត់​មាន​ឋានៈ​ជា​អគ្គសេនាធិការ​កងទ័ព ហើយ​គាត់​បាន​ចែករំលែក​អំណាច​ជាមួយ​ព្រះអង្គម្ចាស់​សិរិមតៈ ដោយ​ប្រគល់​ថ្វាយ​ព្រះអង្គ​ឱ្យ​ជា​អ្នកទទួលបន្ទុក​នយោបាយ ពោល​គឺជា​មនុស្ស​ទី​២ បន្ទាប់ពី​លន់ នល់ ក្នុង​របប​នេះ ។

​តាំងពី​ឡើងកាន់​អំណាច​មក លន់ នល់ បានចាប់ផ្តើម​ធ្វើសង្គ្រាម​បណ្តេញ​កងទ័ព​វៀតណាម​ខាងជើង និង វៀត​កុង​ចេញពី​ទឹកដី​កម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាល​របស់គាត់​ទទួលបាន​ជំនួយ​ទាំងស្រុង​ពី​សហរដ្ឋអាមេរិក ដែល​កំពុង​ជួយ​វៀតណាម​ខាងត្បូង ធ្វើសង្គ្រាម​ជាមួយ​វៀតណាម​ខាងជើង ។​
​ជា​អកុសល រដ្ឋាភិបាល​សាធារណរដ្ឋ​ខែ្មរ របស់ លន់ នល់ មិនមាន​សំណាងល្អ​ឡើយ ដោយសារ​អំពើពុករលួយ​នៅតែ​បន្ត​រស់រានមានជីវិត​នៅលើ​ទឹកដី​នេះ​ដដែល ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​មិន​ចាញ់​កាល​ប្រទេស​នេះ​ស្ថិតក្រោម​ដឹកនាំ​របស់​ សម្តេច​សីហនុ​ឡើយ ។ មិនមាន​ករណី​ពុករលួយ​ណាមួយ​ត្រូវបាន​ដោះស្រាយ​ឡើយ ហើយ​បុគ្គល​ដែល​គេ​ធ្លាប់បាន​ចោទថា​ពុករលួយ​ដល់​កំពូល​ក្នុង​របប​សម្តេច​ សីហនុ ដូចជា សូ​ស្តែ​ន ហ្វែ​ណង់​ដេ​ស ជាដើម នៅតែ​បន្ត​រស់នៅ​ដោយ​សុខសាន្ត គ្មាន​ទោស ថែមទាំង​នៅតែមាន​អំណាច​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​ផង​ទៀត ។ សម្ភា​រៈសិក ដែលជា​ជំនួយ​របស់​អាមេរិក​មិនត្រូវ​បាន​គេ​ប្រគល់ឱ្យ​កងទ័ព​ដោយ​គ្រប់គ្រាន់ ​ឡើយ បែរជា​ត្រូវគេ​ដាក់លក់​នៅតាម​ផ្សារ​ដូចជា​ផ្សារ​អូឡាំពិក​ជាដើម ហើយ​ប្រជាជន​ខ្មែរ​ដែល​ស្រលាញ់​ជាតិ​បាននាំគ្នា​លក់​គោក្របី និង ស្រែចំការ​ទៅ​ទិញ​សម្ភារៈ​ទាំងនោះ ដើម្បី​ធ្វើដំណើរ​ចូល​សមរភូមិ រីឯ​កងទ័ព​ខ្លះ​នាំ​ទាំង​ប្រពន្ធ​កូន​ទៅជា​មួយ​ផង ។

​កងទ័ព​របស់ ​លន់ នល់ ដែល​គ្មាន​បទពិសោធ ពុំមាន​យុទ្ធ​ភ័​ណ្ឌ​គ្រប់គ្រាន់ ខ្វះ​ការដឹកនាំ​ឱ្យបាន​ត្រឹមត្រូវ​នោះ ត្រូវបាន​កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន វាយកំទេច​ខ្សែត្រៀម និង សម្លាប់​យ៉ាង​អាណោចអាធ័ម​ជា​បន្តបន្ទាប់ ។​
​របប​សាធារណៈរដ្ឋ​ខ្មែរ ត្រឹមតែ​រយៈពេល​៥​ឆ្នាំ​សោះ​គឺ​ពី ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៥ គេ​ឃើញ​មានការ​ប្តូរផ្លាស់​គណៈរ​ដ្ឋ​មន្ត្រី​ជាច្រើនលើក​ច្រើនសា​ដែល​ ក្នុងនោះ​គឺ​គណៈរដ្ឋមន្ត្រី​របស់​ព្រះអង្គម្ចាស់ សិរិមតៈ , របស់ លោក ហង្ស ធុន​ហាក់ , របស់លោក អ៊ិន តាំ (២​លើក​) , របស់លោក សឺ​ង ង៉ុ​កថា​ញ់ , របស់លោក ឡុង បូ​រ៉េត (៣​លើក) ។ ប៉ុន្តែ​មិនដែល​ឃើញ​រដ្ឋាភិបាល​ណាមួយ​ទទួលបាន​ជោគជ័យ​ធំដុំ​ឡើយ ។ ចំណុច​គួរកត់សំគាល់​មួយ​គឺថា ទោះជា​មានការ​ផ្លាស់ប្តូរ​ញឹកញាប់​យ៉ាងណាក្តី ប៉ុន្តែ​សមាសភាព​នៃ​រដ្ឋមន្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រី​នោះៗ ភាគច្រើន​គឺជា​មនុស្ស​ដដែលៗ ពោលគឺ​ប្តូរផ្លាស់​តែ​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ ។ ប្រហែល​នេះ ក៏​ជា​កត្តា​មួយ​ដែលមាន​ចំណែក​ដល់​ភាពមិន​ជោគជ័យ នៃ គណៈរដ្ឋមន្ត្រី​ទាំង​នោះដែរ ។

​ការផ្លាស់ប្តូរ​របត់​ន​យោ​បាយ​របស់​មហាអំណាច​នាំឱ្យ​អាមេរិក​ព្រម​ទទួលយក​ ថា​ជា​អ្នកចាញ់​សង្គ្រាម​នៅ​វៀតណាម ។ ប្រការនេះ ប្រទេស​កម្ពុជា​លែង​ក្លាយជា​ទឹកដី​ដែល​អាមេរិកាំង​ត្រូវការ​ចាំបាច់​ទៀត ។ ហេតុនេះ​រដ្ឋាភិបាល​អាមេរិក ក៏បាន​ផ្តាច់ជំនួយ​មកឱ្យ​រដ្ឋាភិបាល​លន់ នល់ ជា​បន្តបន្ទាប់​។​
​សម្តេច សីហនុ បាន​មានបន្ទូលថា​នៅពេល​ក្រុម​របស់​ព្រះអង្គ​បាន​ចូលកាន់​កាប់​ប្រទេស​ កម្ពុជា​នោះ ព្រះអង្គ​នឹង​បញ្ជា​ឱ្យគេ​បាញ់សម្លាប់​លន់ នល់ ប្រសិនបើ​ចាំបាច់ ។ ប៉ុន្តែ​បើ​លន់ នល់ ព្រម​ចុះ​ចាញ់ហើយ​និរទេស​ចេញពី​កម្ពុជា គាត់​នឹងមិន​មានការ​តាម​ចាប់ខ្លួន​ឬ​តាម​ចងកម្ម​ឡើយ ។ ដោយហេតុនេះ​ទើប​ទីបំផុត​សហរដ្ឋអាមេរិក បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ លន់ នល់ ទទួលយក​ជម្រើស​ចុងក្រោយ​នេះ ។​
​ថ្ងៃទី​១ ខែមេសា ១៩៧៥ លន់ នល់​ បាន​លាលែង​ពី​តំណែង និង និរទេស​ខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់មក​ទៅ​សហរដ្ឋអាមេរិក និង បាន​តាំង​លំនៅឋាន​ដំបូង​នៅ​រដ្ឋ​ហា​វ៉ៃ ហើយ​នៅ​ឆ្នាំ​១៩៧៩ នៅ​រដ្ឋកា​លី​ហ្វូ​ន​ញ៉ា ។ គាត់​បាន​ស្លាប់​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ១៩៨៥ ។

Popular Posts

Powered by Blogger.


Followers

Video Post