ដោយ : ខឿន សា​ឃាង​
ថ្ងៃទី 26 កុម្ភៈ 2012
CEN
កាក់​ប្រាក់​បាត​ខ្មែរ ដែល​ព្រះបាទ​អង្គឌួង​បញ្ជា​ឱ្យ​បោះ​ដំបូង
កាក់ ប្រាក់ បាត ខ្មែរ ដែល ព្រះបាទ អង្គឌួង បញ្ជា ឱ្យ បោះ ដំបូង
ភ្នំពេញ: ក្រដាស​ប្រាក់រៀល​ខ្មែរ ត្រូវបាន​បោះពុម្ព​ដំបូង​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះបាទ​អង្គឌួង ដើម្បី​ប្រើប្រាស់​ចាយវាយ​ជំនួស​ប្រាក់​បាត ជា​កាក់​លោហធាតុ នាំ​មកពី​ប្រទេស​សៀម ដែលមាន​ដោយ​កម្រ ព្រោះ​ខ្មែរ​ពុំមាន​វត្ថុ​ដើម​សម្រាប់ធ្វើ និងក៏​ដោយសារ​ការចង់​រើបម្រះ​ចេញពី​ការត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ពី​ សំណាក់​ប្រទេស​សៀម​។​
​ការសិក្សា​ស្រាវជ្រាវ​ទៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​បានដឹងថា ពួក​ឈ្មួញ​មកពី​ប្រទេស​ចិន ឬ ពី​សិង្ហ​បុរី មក​ជួញដូរ​នៅ​ស្រុក​ខ្មែរ ប្រើ​វិធី​ដូច​សម័យកាល​បុរេប្រវត្តិ គឺ​យក​ទំនិញ​មក​ដោះដូរ​យក​អង្ករ យក​ពោត យក​ម្រ័ក្សណ៍ ជាពិសេស​ពួកគេ​ត្រូវការ​ស្បែក​សត្វ​ខ្លាំងណាស់ ។ ឯ​ការដោះដូរ​នោះ​ត្រូវធ្វើឡើង​ដោយ​៥​ភាគ ដូរ​នឹង​១​ភាគ​។​
​ប្រទេស​ខ្មែរ​ធ្លាប់​ប្រើប្រាស់​ប្រាក់ណែន គឺ​កាក់​ធ្វើ​ពី​លោហធាតុ សម្រាប់​ចាយវាយ  ដោះដូរ​ក្នុង​វិស័យ​ផ្សេងៗ ដូចជា​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង វិស័យសេដ្ឋកិច្ច​ជាដើម ។
​សង្គ្រាម​ក្នុងស្រុក​នៃ​ការដណ្តើម​អំណាច​រវាង​ព្រះរាជវង្សានុវង្ស​ខ្មែរ និង​សង្គ្រាម​ជាមួយ​បរទេស អូសបន្លាយ​រាប់​សតវត្សរ៍ បាន​បំផ្លាញ​ប្រទេស​ខ្មែរ​ឱ្យ​វិនាស​ហិនហោច​អស់ទាំង​មាស ប្រាក់ សំរឹទ្ធិ ទាំង​ទ្រព្យសម្បត្តិ​ផ្សេងៗ និង​គោក្របី សូម្បីតែ​មនុស្ស​ក៏​រលស់​ស្ទើរ​អស់ពី​ទឹកដី ម្យ៉ាង​ដោយសារ​ការបាត់​បង់ជីវិត​ក្នុង​សង្គ្រាម ម្យ៉ាង​ត្រូវ​កងទ័ព​អណ្ណាម និង សៀម​កៀរ​យកទៅ​ធ្វើជា​ឈ្លើយ នៅសល់តែ​ប្រជាជន​ចំនួន​តិចតួច​ដែល​ក្រលំបាក​តោកយ៉ាក រស់នៅ​រង​ក្តី​ភ័យខ្លាច​រាល់ថ្ងៃ ។​
​បន្ទាប់ពី​ភាពមិន​ឈ្នះ មិន​ចាញ់​រវាង​ប្រទេស​អណ្ណាម និង ប្រទេស​សៀម នៃ​ការ ដណ្តើម​ប្រទេស​កម្ពុជា​មក ពួកគេ​បានសម្រេច​ចិត្ត​ប្រគល់​រាជសម្បត្តិ​មកឱ្យ​កម្ពុជា​វិញ បើទោះជា​គេ​អាច​មើលឃើញ​ដោយ​ងាយ​ថា មិនមែនជា​ការលះបង់​គំនិត​ចង់យក​កម្ពុជា​ដាក់​ជា​ចំណុះ​ឡើយ ប៉ុន្តែ​ជាការ​ប្តូរ​វិធីសាស្ត្រ​ក៏ដោយ ។ ដោយហេតុនេះ នៅ​ថ្ងៃ​អង្គារ ០១​កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ម៉ោង​៧:០០ ព្រឹក ព្រះអង្គម្ចាស់​អង្គឌួង ក្នុង​ព្រះ​ជន្មាយុ​៥២​ព្រះវស្សា ជា​ព្រះរាជបុត្រ​ពៅ នៃ​ព្រះ​នរាយ​រាមា អង្គអេង បាន​ឡើង​សោយរាជ្យ​ជា​មហាក្សត្រ នៃ​ប្រទេស​កម្ពុជា នា​ក្រុង​ឧដុង្គ ។​
​ចាប់ពីពេលនោះ​ហើយ ដែល​ប្រទេស​កម្ពុជា​បាន​ស្រាកស្រាន្ត​បន្តិច​ពី​សង្គ្រាម ជាហេតុ​នាំឱ្យ​ប្រជាពលរដ្ឋ និង អ្នកដឹកនាំ​មាន​ពេលវេលា​គិតគូរ​ពី​ការស្តារ​ប្រទេសជាតិ​ដ៏​សែន​ខ្ទេចខ្ទាំ​ នេះ​ឡើងវិញ ។ ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​កត់ត្រា និង កត់សម្គាល់ថា ក្នុង​រជ្ជកាល នៃ ព្រះករុណា អង្គឌួង  នេះហើយ​ដែលជា​ការចាប់ផ្តើម​សករាជ​ថ្មី នៃ​ប្រទេស​កម្ពុជា ។ បើទោះបីជា​ប្រជារាស្ត្រ និង​មន្ត្រីរាជការ​ភាគច្រើន​ក្លាយជា​មនុស្ស​បាក់​ទឹកចិត្ត និង​អស់សង្ឃឹម​ហើយ​ក្តី ក៏​ព្រះអង្គ ជំរុញ និង បំផុសបំផុល​មនុស្ស​ក្នុងប្រទេស​ឱ្យ​ស្វាហាប់ ចាប់ផ្តើម​ប្រឹងប្រែង​កសាង​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ ។
​បន្ទាប់ពី​បាន​ឡើង​សោយរាជ្យ​ភ្លាម នៅ​ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ដដែល​នោះ ព្រះបាទ​អង្គឌួង បាន​បញ្ជា​មន្ត្រី​ខ្ញុំ​រាជការ​ឱ្យ​បោះ “​ប្រាក់​បាត​”​សម្រាប់​ចាយវាយ​ជាបឋម ។  នៅ​គែម​ជុំវិញនៃប្រាក់​បាត​នោះ​ទ្រង់​ព្រះរាជទាន​ពាក្យ​ថា “ ព្រះ​នគរ​ក្រុង​កម្ពុជា​ធិបតី “ ហើយ​មាន​ពុទ្ធសករាជ និង ចុល្លសករាជ មាន​រូប​ប្រាសាទ​នគរវត្ត​នៅ​ចំ​កណ្តាល ។ ម្ខាង​ទៀត​ទ្រង់​ឱ្យ​ដាក់​រូប​ហង្ស  ដែល​ពួក​អ្នកប្រវត្តិសាស្ត្រ​ទាំងឡាយ​បាន​អះអាងថា “​រូប​ហង្ស​នោះ​គឺជា​នាម​នៃ​ព្រះ​សំអាង​ហង្ស ជា​ចាងហ្វាង ដែល​បាន​ទៅ​សិក្សា​រៀនសូត្រ​នៅ​ប្រទេសក្រៅ​បាន​ចេះ​វិជ្ជា​បោះ​ប្រាក់​នោះ​” ។ ប្រាក់​បាត​នោះ​ជា​កាក់​ធ្វើ​ពី​លោហធាតុ ហើយ តម្លៃ និង​ទម្ងន់​នៃ​ប្រាក់​នោះ​មាន​ដូចតទៅ​នេះ ៖
១. ប្រាក់​បាត​ទម្ងន់ ១​បាត មួយ​តម្លឹង​
២. ប្រាក់​បាត​តូច​ទម្ងន់ ៤​ជី​
៣. ប្រាក់​ស្លឹង​ទម្ងន់ ១​ជី​
៤. ប្រាក់​ហួង​ទម្ងន់ ៥​ហ៊ុន​
​លើសពីនេះ​ទៅ ទ្រង់​ក៏បាន​ឱ្យ​បោះ​ហួង​មាស​សម្រាប់​ចាយវាយ​ផងដែរ ។ ទោះយ៉ាងណា ប្រាក់​នោះ​មាន​ដោយ​កម្រ​ណាស់ ។ មាន​មនុស្ស​ខ្លះ​តាំងពី​កើតមក​រហូតដល់​ស្លាប់​កុំថាឡើយ​បាន​ប្រាក់​នោះ​យកមក ​ចាយវាយ ឬ​ធ្វើជា​កម្មសិទ្ធិ សូម្បីតែ​បាន​កាន់ ឬ សូម្បីតែ​ឃើញថា​កាក់​នោះ​មាន​រូបរាង​យ៉ាងណា​ក៏​មិនដែល​បានឃើញ​ផង ។​
 ដូច​យើង​បាន​ពោល​ខាងដើម​ហើយ​ថា ដោយសារ​សង្គ្រាម ទាំង​មាស ទាំង​ប្រាក់ និង សំរឹទ្ធិ​នៅក្នុង​ប្រទេស​ខ្មែរ​ត្រូវបាន​ប​ច្ចា​មិ​ត្ដរឹប​អូស​យកទៅ​ប្រទេស​ គេ ទើប​ពេលនេះ​ប្រទេស​ខ្មែរ ពុំមាន​វត្ថុ​ធាតុ​សម្រាប់ធ្វើ​ប្រាក់​បាត​នេះឡើយ  ទើប​ប្រាក់​បាត​នេះ​នាំយក​មកពី​ប្រទេស​សៀម ។
​គេ​អាច​មើលឃើញ​ដោយ​ងាយ​ថា សៀម​មិន​ចង់ឱ្យ​ខ្មែរ​មាន​ឯករាជ្យភាព​សេដ្ឋកិច្ច​ឡើយ ព្រោះ​សៀម​នៅតែ​ចង់​គ្រប់គ្រង​ខ្មែរ​ដដែល ទើប​សៀម មិនមែន​ចេះតែ​ផ្គត់ផ្គង់​ប្រាក់​បាត​ទាំងនោះ​សម្រាប់​ខ្មែរ​ចាយវាយ​ឆ្លើយតប​ តាម​តម្រូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ។
៧​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ព្រះបាទ​អង្គឌួង មាន​ព្រះតម្រិះ​ថា ដោយសារ​ប្រាក់​បាត មាន​ដោយ​កម្រ​ពេក មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​បាន ម្យ៉ាង​បើ​នៅតែ​ប្រើប្រាស់​ប្រាក់​បាត​នេះ​តទៅទៀត មុខជា​មិនអាច​រក​ពន្លឺ នៃ​ឯករាជ្យភាព​ពិតប្រាកដ​ឃើញ​ឡើយ ទើប​ទ្រង់​ឱ្យគេ​ផ្លាស់​ប្តូរប្រាក់​បាត​នោះ​ចេញ ហើយ​ជំនួស​ដោយ​ប្រាក់រៀល ហើយ​ជា​លុយ​ក្រដាស​វិញ ។ ក្រដាស​ប្រាក់រៀល​កាលនោះ​មាន​៣​បែប ដែលមាន​តម្លៃ​ពី​៤​ហ្វ្រ​ង់ (Francs) រហូតដល់​១​ហ្វ្រ​ង់ (Franc) ៥០ សេន ។
​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បរិយាយ​ប្រាក់រៀល​កាលនោះ​ថា “​នៅខាងមុខ​ប្រាក់រៀល​នោះ​មាន​រូប​ហង្ស ក វែង ដូច​សត្វ​ហង្ស​ដែល​គេ​ដាក់​លើ​កំពូល​ដងទង់​នៅខាងមុខ​វត្ត​អារាម​នានា​ សព្វថ្ងៃ​នេះឯង ។ ឯ​នៅ​ម្ខាង​ទៀត​នៃ​ក្រដាស់​ប្រាក់រៀល​នោះ​មាន​រូប​ព្រះវិហារ​កំពូល​៣ ដែល​គេ​និយាយថា រូប​ប្រាសាទអង្គរវត្ត​” ។​
​ដោយហេតុនេះ ក្រដាស​ប្រាក់រៀល គឺ​ក្រដាសប្រាក់​ខ្មែរ​ត្រូវបាន​បោះពុម្ព​ជាដំបូង​នៅ​ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង ៕S

0 comments

Post a Comment

Popular Posts

Powered by Blogger.


Followers

Video Post